ក្រសួងធនធានទឹកនិងឧត្តុនិយមអះអាងថា នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែវិច្ឆិកានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ក្រសួងធនធានទឹកនិងឧត្តុនិយម បានប្រកាសថា បណ្ដាខេត្តមួយ​ចំនួននៅភាគពាយ័ព្យ​និង​ភាគ​ឧត្តររបស់ប្រទេស នឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី៧រហូតដល់ថ្ងៃទី៨ខែវិច្ឆិកា​នេះនិងប្រុងប្រយត្ន័​ចំពោះអាកាសធាតុត្រជាក់។

សេចក្តីប្រកាសពត៌មានរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម ឱ្យដឹងថា តាមការព្យា​ករណ៍​អា​កាសធាតុ គឺព្រះរាជាណាចក្រកម្ពុជា កំពុងទទួលឥទ្ធិជ្រលងសម្ពាធគ្របទាប ដណ្ដប់ លើតំបន់​ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគ​កណ្ដាលគ្រប់​ដណ្ដប់​​​ដោយជ្រលងសម្ពាធខ្ពស់។
ការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧត្តុនិយម បានមើលឃើញថា ចាប់ពីថ្ងៃទី៧​ដល់ថ្ងៃ​ទី​៨​​ខែវិច្ឆិកានៅបណ្ដាខេត្តមួយចំនួនដូចជាខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ បាត់ដំបង សៀមរាប​និង​​​ខេត្តបន្ទាយមានជ័យ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ចាប់ពី​ថ្ងៃទី៧ដល់ថ្ងៃទី១០​ខែវិច្ឆិ​​​កា នៅបណ្ដារាជធានី-ខេត្តមួយចំនួន ដូចជារាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កំពង់​ស្ពឺ​ កណ្ដាល តាកែវ និងខេត្តកំពតជាដើម អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។ ចំពោះ បណ្តា​​​​ខេត្តនៅភូមិភាគឦសាននិងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជាវិញ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនិងកងទ័ពនៅទីនោះ៕