អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ និងចែកម៉ូតូដល់សិស្សដែលបាននិទ្ទេស A

AKP កំពង់ឆ្នាំង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –អាជ្ញាធរខេត្តកំពង់ឆ្នាំងបានរៀបចំប្រារព្ធ​ទិវា​អន្តរជាតិ រម្លឹកដល់ជនរងគ្រោះថ្នាក់ចរាចរ ណ៍ផ្លូវគោកលើក ទី១៣ នៅសាលាបំពេញវិជ្ជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តមឈួរ   ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពិលោក លោកស្រី ប្រធានអនុប្រធាន អង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស កាលពីថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ក្នុងរយៈពេល៩ខែដើម​ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន៦៤លើក បណ្តាល​ឱ្យមនុស្សស្លាប់ ៥៥នាក់ និងរបួស៦៤នាក់ ថយចុះ ៤០ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ ករណីនេះបណ្តាលមកពី​កត្តាបីជាសំខាន់ គឺ៖១- កត្តាមនុស្ស មិនគោរពច្បាប់ចរាចរណ៍ ល្បឿនលឿន ធ្វេស​ប្រហែសខ្វះការប្រុងប្រយ័ត្ន ខ្វះការអព្យាស្រ័យ និងបើកបរមានជាតិស្រវឹង ។ ២-កត្តាយានជំនិះម្ចាស់យានយន្តមិនបានធ្វើការថែទាំ ត្រួតពិនិត្យ លក្ខណៈបច្ចេទេស ដូចជាហ្វ្រាំង កង់ និងភ្លើង ជាដើម។ ៣-កត្តាផ្លូវ ដោយសារហេដ្ឋារចនាសម្ពន្ធ័ផ្លូវ ស្ពាន លូ មិនទាន់មានលក្ខណៈសមស្របទៅនឹងការកើនឡើងនៃចំនួនយានយន្ត និងផ្លាកសញ្ញាចរាចរណ៍មិនទាន់គ្រប់គ្រាន់។ ក្នុងនាមអាជ្ញាធរខេត្តនឹងបន្តកិច្ច​សហប្រតិបត្តិការ ចូលរួមអនុវត្តន៍ច្បាប់ និងបទបញ្ញត្តិ សំដៅប្រែក្លាយផែនការ សកម្មភាព​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅជាសកម្មភាពជាក់ស្តែង និងសូមអំពាវ​នាវដល់គ្រប់ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ត្រូវចូលរួមគោរព​ច្បាប់​ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា និងជួយថែទាំកែលម្អបរិស្ថានផ្លូវថ្នល់ មិនត្រូវបណ្តែត ​បណ្តោយក្មេងៗ និងលែងសត្វពាហនៈនៅលើដងផ្លូវនោះឡើយ។

ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់ធ្វើការផ្សព្វផ្សាយការយល់ដឹងស្តីពី ការពាក់មួកសុវត្ថិភាព និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីការពារអាយុជីវិតខ្លួនឯង និង ជីវិតអ្នកដទៃ។

ឯកឧត្តមបានបញ្ជាក់ថា ការពាក់មួកសុវត្ថិភាព គឺដើម្បីបញ្ជាក់ជូនដល់អ្នកធ្វើដំណើរ ទាំងអស់ ដែលប្រើប្រាស់នូវមធ្យោបាយម៉ូតូ ឱ្យមានការចូលរួមកាន់តែច្រើនបន្ថែមទៀត ជា មួយយុទ្ធនាការរឹត បន្តឹងច្បាប់ចរាចរណ៍និងពាក់មួកសុវត្ថិភាព ដែលថ្នាក់ជាតិបានខិតខំធ្វើយ៉ាងណា ក្នុងការចូលរួមកាត់បន្ថយការគ្រោះថ្នាក់ផ្សេងៗ ដោយការធ្វើដំណើរតាមម៉ូតូដោយមិនពាក់មួកសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឱ្យផ្លាស់ប្តូរឥរិ យាបថដែលធ្លាប់តែ មិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ ដើម្បីថែរក្សាកាពារអាយុជីវិត ជាពិសេស អ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលប្រឡងជាប់ថ្នាក់ទី១២មាននិទ្ទេសA  ចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង មួកសុវត្ថិភាព១ ។ជាមួយគ្នានេះដែរចំពោះ កីឡាករនិងកីឡាការិនី មួយចំនួនទៀត ទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធនិងមួកសុវត្ថិភាពផងដែរ៕ 

ដោយ បៃ ស៊ីថុន