ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី៥៤

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –សាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃ អង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី៥៤ ក្រោមអធិបតីភាពឯកឧត្តម សូរ ជុងហួរ សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក ចៅសង្កាត់ ព្រមទាំងតំណាងមន្ទីរ អង្គភាព ស្ថាប័នរដ្ឋពាក់ពន្ធនានាក្នុងខេត្ត ដើម្បីពិភាក្សាអំពីលទ្ធផលការងារ ដែលបានអនុវត្តន៍កន្លងមក និងកំណត់ទិសដៅអនុវត្តន៍បន្ត ។ 
   

កិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី២ ផ្ដោតលើរបៀបវីរៈ ចំនួន ៦ រួមមាន១- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី២ ៣-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០១៨  ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត គិតពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ៤-ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងឯកសារសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៦ ឆ្នាំ២០១៨ ៥-ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, – គណៈកម្មាធិការលទ្ធកម្ម, – គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស, – គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត,គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ៦-បញ្ហាផ្សេងៗ  
   ឯកឧត្តម សូរ ជុងហួរ មានប្រសាសន៍កោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការដែលបានបំពេញការងារបានល្អ តាមតួនាទី ភារកិច្ចទទួលបានលទ្ធផលជាបន្តបន្ទាប់ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម ធ្វើឱ្យបទល្មើសនៅក្នុងមូលដ្ឋានមានការថយចុះគួរឱ្យកត់សម្គាល់ 

    ឯកឧត្តមបានជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ-សង្កាត់ បន្តអនុវត្តន៍ការងារការពារសន្តិសុខ សុវត្ថិភាពសង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លុបបំបាត់បាតុភាពអសកម្មផ្សេងៗ រួមគ្នាធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការងារអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ  ម្យ៉ាងទៀតបញ្ហាបរិស្ថាន អនាម័យ ក៏ជាចំណុចមួយសំខាន់ដែលយើងទាំងអស់គ្នាមិនអាចមើលរំលង ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុ ។ ទន្ទឹមនោះត្រូវរៀបចំកែលម្អ សោភណភាព បរិស្ថាន ដើម្បីត្រៀមរៀបចំបុណ្យឯករាជ្យ ៩វិច្ឆិកា និងបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ខាងមុខ ឱ្យមានភាពទាក់ទាញបន្ថែមទៀត   

ដោយ ងូ សុមុនី