ចិនត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចារជាមួយអាមេរិកស្តីពីដំណោះស្រាយពាណិជ្ជកម្ម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញុវអាស៊ី (០៦.១១.១៨)

សិង្ហបុរី៖ កាលពីថ្ងៃអង្គារអនុប្រធានាធិបតីចិនលោក វ៉ាងគីសាន( Wang Qishan)បាននិយាយនៅក្នុងវេទិកាជំនួញដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាមួយសហរដ្ឋអាមេរិកស្តីពីបញ្ហាយោគយល់គ្នាទៅវិញទៅមកនិងខិតខំឆ្ពោះទៅរកដំណោះស្រាយពាណិជ្ជកម្មមួយដែលអាចទទួលយកបានសម្រាប់ភាគីនៃប្រទេសទាំងពីរ។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចថ្មីរបស់ប្លូមប៊ើច( Bloomberg)លោកវ៉ាងបានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតែជា ធ្នាក់និងជាស្នូលនៃទំនាក់ទំនងដែលមានស្ថិរភាពរវាងអាមេរិកនិងចិនដែលអាចធ្វើឲ្យមានផលប៉ះពាល់ដោយផ្ទាល់ទៅលើស្ថេរភាពនិងការអភិវឌ្ឍន៍នៅជុំវិញពិភពលោក។

លោកវ៉ាងបានបន្ថែមនៅក្នុងសុន្ទរកថាទៀតថាប្រទេសចិននៅតែមានជំនឿរឹងមាំថាប្រទេសទាំងពីរនឹងទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការហើយនឹងបាត់បង់ផលប្រយោជន៍រៀងៗខ្លួនបើសិនជាមានការប្រឈមមុខដាក់គ្នា។