ខេត្តសៀមរាប និងទីក្រុងស៊ូវ៉ុនចុះអនុស្សរណៈលើគម្រោងអភិវឌ្ឍន៍ភូមិភ្នំក្រោមជំហានទី៤

AKP សៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ូវ៉ុននៃសាធារណរដ្ឋកូរ៉េ បានចុះ អនុស្សរណៈលើកិច្ចព្រមព្រៀង គម្រោងអភិវឌ្ឍន៍ ភូមិភ្នំក្រោម-ស៊ូវ៉ុន ជំហានទី៤ ដែលពិធីចុះអនុស្សរណៈបានធ្វើឡើងកាលពីថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ បុរីអង្គរ ក្រុងសៀមរាប ក្រោមអធិបតីភាព ឯឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងចុះហត្ថលេខាដោយ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ហើយភាគីក្រុងស៊ូវ៉ុននៃប្រទេសកូរ៉េ ចុះហត្ថលេខាដោយឯឧត្តម យ៉ុម តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន។

    

ក្រុងស៊ូវ៉ុន និងខេត្តសៀមរាបបានចងសម្ព័ន្ធមេត្រីភាព និងបានធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាចាប់តាំងពីឆ្នាំ២០០៤មក ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ភូមិភ្នំក្រោម ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋដែលរស់នៅទីនោះ។

      មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានោះ លោក ពិន ប្រាកដ ក្នុងនាមឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុងស៊ូវ៉ន នេះគឺជាសក្ខីភាព ដែលបញ្ជាក់កាន់តែច្បាស់នូវចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការបន្ថែម សំដៅពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត និងក្រុងទាំងពីរ តាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារ ស្មារតី ដើមី្បស្តារនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ស្រមតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

     លោកអភិបាលរងខេត្តសៀមរាប បានឱ្យដឹងទៀតថា ការភ្ជាប់ចំណងមិត្តភាពរវាងខេត្តក្រុងទាំងពីរ បានធ្វើឱ្យបងប្អូនសប្បុរសជនក្នុងក្រុងស៊ូវ៉ុន បានចូលរួមក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ភូមិភ្នំក្រោមស៊ូវ៉ុន។ ជាក់ស្តែងក្នុងរយៈពេល៣ឆ្នាំ នៃផែនការសកម្មភាពជាថ្មីមួយ ដែលជាគម្រោងអភិវឌ្ឍន៍ភូមិភ្នំក្រោម-ស៊ូវ៉ុន ជំហានទី៣ គឺឆ្លើយតបចំគោលដៅដែលយើងចង់បាន។

         លោក អភិបាលរងខេត្តសៀមរាប ក៏មានជំនឿជឿជាក់ថា គម្រោងអភិវឌ្ឍន៍លើកទី៤នេះ នឹងទទួលបានជោគជ័យទៅតាមគោលដៅកំណត់  ព្រមទាំងជួយជ្រោមជ្រែងគ្រប់កាលៈទេសៈ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តសៀមរាប ហើយក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នាដ៏ល្អប្រពៃ និងបន្តទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមិត្តភាពសៀមរាបស៊ូវ៉ុន។

      មានប្រសាសន៍ឆ្លើយតបនាឱកាសនោះដែរ លោក យ៉ុម តែយ៉ុង បានលើកឡើងអំពីសកម្មភាព និងលទ្ធផលពីការអភិវឌ្ឍន៍ភូមិមិត្តភាព ភ្នំក្រោម-ស៊ូវ៉ុន ចាប់ពីជំហានទី១ ជំហានទី២ និងជំហានទី៣ លើការងារអប់រំអនាម័យ និងបរិស្ថាន ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារផងដែរ។ ក្នុងដំណាក់កាលទី៣ សមទ្ធិផលដែលប្រជាពលរដ្ឋភូមិមិត្តភាពភ្នំក្រោម-ស៊ូវ៉ុន ទទួលបានមានអគារសិក្សា ផ្លូវថ្នល់ បង្គន់អនាម័យ អណ្តូងទឹកស្អាត និងលំនៅឋានជាដើម។

      ឯឧត្តម យ៉ុម តែយ៉ុង បានបន្តឱ្យដឹងទៀតថា សមទ្ធិផលទាំងនេះក៏ដោយមានកិច្ចសហប្រតិបត្តិការជាមួយសមាគម ហែភីខាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ ប្រជាជនក្រុងស៊ូវ៉ុនទាំងមូល និង អង្គការឡូតិ៍ធឹសវើល ហើយគម្រោងនេះនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ ដើម្បីបន្តជំហានទី៤ ដែលបានធ្វើពិធីចុះអនុស្សរណៈនៅថ្ងៃនេះ៕

ដោយហង្ស សៀក