គម្រោងបង្កើតរោងចក្រផលិត និងបោះពុម្ពសម្លៀកបំពាក់ ត្រូវបានអន្តរក្រសួង ពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែ      វិចិ្ឆកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិត និងបោះពុម្ពសម្លៀកបំពាក់ ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា គម្រោងបង្កើតរោងចក្រផលិត និងបោះពុម្ពសម្លៀកបំពាក់ ស្ថិតនៅលើផ្ទៃដីទំហំ ៣៤.៦០០ម៉ែត្រកក្រឡា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នូល ខេត្តកណ្តាល របស់ក្រុមហ៊ុន ហ្គ្រេស គ្លរី (ខេមបូឌា) ហា្គម៉ិន ម្ចាស់គម្រោងដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា ឃី ខនសាលធេន (ខេមបូឌា)។

ប្រភពដដែលបានគូសបញ្ជាក់ថា ជារួមអង្គប្រជុំបានសម្រចជាលទ្ធផលដូចខាងក្រោម៖ ១-ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានល្អ ។ ២-ក្រុមហ៊ុនត្រូវគិតគូរបញ្ហាសុខភាពបុគ្គលិក-កម្មករ ដែលបំពេញការងារនៅក្នុងផលិតកម្មបោះពុម្ព ។ ៣-ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់នូវសុវត្ថិភាពការងារដល់បុគ្គលិក-កម្មករ ដូចជាការផ្តល់ឧបករណ៍ការពារ និងការទុកដាក់សារធាតុគីមីឱ្យបានត្រឹមត្រូវ ។ ៤-ក្រុមហ៊ុនត្រូវកែសម្រួលនៅក្របខណ្ឌច្បាប់ដែលអង្គប្រជុំបានឱ្យកែតម្រូវ ។ ៥-ក្រុមហ៊ុនត្រូវជីកស្រះស្តុកសំណល់រាវ មុនបង្ហូរចេញទៅប្រឡាយសាធារណៈ។ ក្នុងករណីក្រុមហ៊ុនមិនទាន់មានស្រះស្តុកសំណល់រាវនៅឡើយទេ សំណល់រាវដែលត្រូវបញ្ចេញនោះ ត្រូវស្ថិតនៅក្រោមស្តង់ដារបញ្ចេញរបស់ក្រសួងបរិស្ថាន។

ប្រភពខាងលើបានគូសបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិ

ការដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន ព្រមទាំងវត្តមានអស់លោក លោកស្រី មកពីក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង តំណាងរដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថានខេត្ត

កណ្តាល តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ

ដោយ ពេជ្រ ណារិទ្ធ