ណាហ្គាវើល បើកវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ដល់គ្រូកីឡា នៅខេត្តកំពង់ស្ពឺ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្រុមហ៊ុនណាហ្គាវើលបានរៀបចំបើកវគ្គបណ្តុះបណ្តាល កីឡាបាល់ទាត់ដំបូងរបស់ខ្លួន នៅ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ដែលមានរយៈពេល៤ថ្ងៃ ដែល ផ្តល់ដោយក្លបបាល់ទាត់ណាហ្គាវើលដែលក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨។

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាមានប្រសាសន៍ថា វិស័យកីឡាគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសគឺជួយកសាងធនធានមនុស្សលើវិស័យកីឡាឱ្យកាន់តែល្អប្រសើរឡើងបន្ថែម ទៀត។ ឯកឧត្តមបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនណាហ្គាវើលែលបន្តជួយអភិវឌ្ឍអត្តពលិក និងលើកកម្ពស់ការបណ្តុះ បណ្តាលគ្រូ កីឡាក្នុងខេត្តកំពង់ស្ពឺ ដែលបង្កើនគុណភាពដល់ក្រុមកីឡាករកាន់តែសម្បូរបែប ទាំងក្នុងក្រប ខ័ណ្ឌលីគ និងក្រុមជម្រើសជាតិផងដែរ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលគូសបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡា នេះគឺជាការ ឆ្លើយតបទៅនឹងសេចក្តីអំពាវនាវស្តីអំពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងគាំទ្រ ដល់ការអភិវឌ្ឍកីឡាបាល់ទាត់ នៅកម្ពុជា។ កម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់នៅក្នុងខេត្ត កំពង់ស្ពឺ ដែលមានរយៈពេល២ឆ្នាំរបស់ណាហ្គាវើល នឹងជួយធ្វើឱ្យគ្រូកីឡាទូទាំងខេត្តអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាគ្រូកីឡាបាល់ទាត់អាជីពសម្រាប់កីឡាករវ័យក្មេងជំនាន់ក្រោយ។ លោកនាយកគ្រប់គ្រងរូបនេះបញ្ជាក់ទៀតថា កម្មវិធី២ឆ្នាំនេះត្រូវបានគាំទ្រដោយសហព័ន្ធ កីឡា បាល់ទាត់ កម្ពុជា និងក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដោយគ្រូមកពី៩៤អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងខេត្ត នឹងទទួលបានវិញ្ញាបនបត្របង្ហាត់កីឡាបាល់ ទាត់អាជីពប្រភេទឃ និងសម្ភារហ្វឹកហ្វឺន ខណៈសិស្សានុសិស្សចំនួន ១៨.៥០០នាក់ ដែល មានចន្លោះអាយុពី១២ឆ្នាំ ដល់១៨ឆ្នាំនឹងទទួលបាននូវផលប្រយោជន៍ ពីវគ្គបណ្តុះបណ្តាល នេះ។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាអះអាងថា កម្មវិធី នេះនឹងជួយបង្កើនស្តង់ដារនៃការបង្ហាត់កីឡានៅតាមសាលារៀនទូទាំងខេត្តកំពង់ស្ពឺយើងក្នុង នាមថ្នាក់ដឹកនាំសហព័ន្ធលោកចង់ឃើញវឌ្ឍនភាពរបស់កុមាររបស់យើង នាពេលឆាប់ៗ ខាងមុខ៕

ដោយ ហេង ណាលីន