លោកស៊ីជីនពីងរៀបចំពិធីជប់លៀងសំរាប់ភ្ញៀវដែលនឹងចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មចិនសំរាប់ការនាំចូលជាអន្ដរជាតិលើកទី១

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៥.១១.១៨)

ចិន៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង (Xi Jinping)និងភរិយាបានរៀបចំពិធីជប់លៀងនៅល្ងាចថ្ងៃអាទិត្យក្នុង​ទីក្រុងស៊ាងហៃដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសមកពីជុំវិញពិភពលោកដែលនឹងចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មចិន​សំរាប់ការនាំចូលអន្ដរជាតិលើកទី ១ (CIIE) ។

លោកស៊ីបាននិយាយថា CIIE ត្រូវបានរៀបចំឡើងដោយប្រទេសចិនប៉ុន្តែគឺសម្រាប់ពិភពលោកទាំងមូល។លោកបានសង្កត់ធ្ងន់ថានេះមិនមែនជាការតាំងពិព័រណ៍ធម្មតានោះទេប៉ុន្តែជាគោលនយោបាយដ៏សំខាន់មួយ​សម្រាប់ប្រទេសចិនដើម្បីជំរុញឱ្យមានការបើកចំហរកម្រិតខ្ពស់ថ្មីមួយនិងវិធានការសំខាន់សម្រាប់ប្រទេសចិន​ក្នុងការទទួលយកនូវគំនិតផ្តួចផ្តើមដើម្បីបើកទីផ្សាររបស់ខ្លួនទៅកាន់ពិភពលោក។

នៅក្នុងរយៈពេលប្រាំមួយថ្ងៃទៀតប្រទេសសរុបចំនួន ១៧២ មកពីទ្វីបទាំង ៥លើពិភពលោកនឹងមកបង្ហាញពី​សមិទ្ធផលអភិវឌ្ឍន៍របស់ពួកគេដល់ពិភពលោកទាំងមូល។ក្រុមហ៊ុនជាង ៣៦០០ មកពីប្រទេសផ្សេងៗ​គ្នានឹងធ្វើការពិភាក្សានិងស្វែងរកការអភិវឌ្ឍរួមគ្នាជាមួយអតិថិជនមកពីប្រទេសចិននិងបរទេស។
លោកស៊ីបានមានប្រសាសន៍ថាអ្នកចូលរួមក៏នឹងត្រូវផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ច​អន្តរជាតិ,ពាណិជ្ជកម្មនិងអភិបាលកិច្ចសេដ្ឋកិច្ចជាសកលផងដែរ។