មន្ត្រីសារមន្ទីរប្រទេសអាស៊ានទាំង១០ និងជប៉ុនទស្សនាប្រាសាទបាកាន

AKP ភ្នំពេញ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅថ្ងៃចន្ទ ​១២​រោ​ច​ ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីនៃសារមន្ទីរជាតិរបស់ប្រទេសអាស៊ានទាំង១០ និងប្រទេសជប៉ុន បានអញ្ជើញ ទៅទស្សនាក្រុមប្រាសាទបាកាន(ប្រាសាទព្រះខណ្ឌកំពង់ស្វាយ) ក្រោមការដឹកនាំ របស់លោក គឹម សុធិន ប្រធាន នាយកដ្ឋា នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ។

លោក គឹម សុធិន ប្រធាន នាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណបានឱ្យដឹងថា ភ្ញៀវបណ្តាប្រទេសអាស៊ានទាំង១០ និងជប៉ុន មានការកោតសរសើរនូវស្នាដៃរបស់បុព្វបុរស ខ្មែរយើងយ៉ាងខ្លាំង ដែលបានសាងប្រាសាទបុរាណដ៏មានតម្លៃនេះជាមួយគ្នានេះ គណប្រតិភូក៏បានទៅទស្សនា ព្រះពុទ្ធបដិមា ចតុម្មុខ ដែលជាស្នាដៃនៃការជួសជុល របស់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណដោយផ្ទាល់

លោកប្រធាននាយកដ្ឋានក៏បានប្រាប់ភ្ញៀវឱ្យដឹងទៀតថា ប្រាសាទបុរាណដ៏ល្អឯកនេះ មានរូបបដិមាយ៉ាងច្រើន ដែលបាត់បងស្ទើរតែអស់ទៅហើយ ប្រាសាទនេះត្រូវបានរងការ ខូចខាតខ្ទេចខ្ទីយ៉ាងខ្លាំងតាំងពីស្រុកមានសង្គ្រាម ដែលពេលនេះទាមទារឱ្យមានការថែទាំ និងអភរក្សជាបន្ទាន់។​

ប្រាសាទ​បាកាន មាន​ទីតាំង​នៅក្នុង​ ភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មាន​ចម្ងាយ​ប្រមាណ​ ១០៥​គី​ឡូម៉ែត្រ ពី​ទី​រួម​ខេត្តព្រះវិហារ ប្រាសាទ​បាកាន គឺជា​កន្លែង​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​ ប្រាសាទ​នេះ ត្រូវបាន​សាង​សង់​ក្នុង​រាជ​ព្រះបាទ សូរ្យវ័រ្មន​ទី១សតវត្សរ៍ទី១១ (១០០២-១០៥០) រចនាបថ ឃ្លាំង អង្គរវត្ត និងរចនាបថបាយ័ន

ដោយ ណយ នឿន