គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទស្សនា​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរ​ក្នុង​ទីក្រុង​ប៉ារីស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ

ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស​ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​ ឯកឧត្ដម​ ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជំទាវ​​ បាន​អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរ​(PC Lutece)​នៃ​ទីក្រុង​ប៉ារីស​ដើម្បី​សិក្សា​ស្វែងយល់ និង​ដក​ពិសោធន៍​លើ​ការគ្រប់គ្រង​ចរាចរ​ក្នុង​ទីក្រុង​សម្រាប់​រាជធានី​ភ្នំពេញ​។

ឯកឧត្ដម​ ឃួ​ង ស្រេង បាន​ថ្លែងថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​ក្នុងការ​ដំឡើង​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរ​​​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ស្ថិតក្នុង​អាគារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែម្តង​។

ឯកឧត្ដម​ ​ឃួ​ង ស្រេង បានលើកឡើង​ដែរ​ថា រាជធានី​ភ្នំពេញ​ស្វា​គម​ន៍​ចំពោះ​ការជួយឧបត្ថម្ភ​ពី​ទីក្រុង​ប៉ារីស ជាពិសេស​លើ​ការ​កែលំអរ​ប្រព័ន្ធ​ចរាចរ​ឲ្យ​កាន់តែ​ប្រសើរឡើង យើង​ស្វាគមន៍​គ្រប់​ដៃគូ​អភិវឌ្ឍ។ ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ យើង​នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​កិច្ចសហការ​គាំទ្រ សម្របសម្រួល និង​គាំពារ​ផល​ប្រយោជន៍​ស្របច្បាប់​ដល់​ក្រុមហ៊ុន​បារាំង​ទាំងអស់​ដែល​បានមក​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ការវិនិយោគ​ប្រព្រឹត្តទៅបាន​ងាយស្រួល និង​ឆាប់រហ័ស។

ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន កម្ពុជា​នឹង​បន្ត​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ដោយ​រក្សា​បាន​នូវ ស្ថិរភាព និង​សន្តិភាព​ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការ​អភិវឌ្ឍ​​​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​៕