ប្រទេសជប៉ុនមានបំណងបើកចំហកាន់តែធំឡើងទទួលពលករបរទេស​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺ ​ (០២.​១១.​១៨)

ជប៉ុន៖ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីប្រទេសជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះបានអនុម័ត សេចក្តីព្រាងច្បាប់មួយ ដើម្បីបើកទ្វារចំហឲ្យកាន់តែធំឡើងដើម្បីទទួលយកពលករមកពីប្រទេសនានា ឲ្យធ្វើការនៅក្នុងវិស័យដែលកំពុងជួបការខ្វះខាតកម្លំងពលកម្ម ។

ការអនុម័តនេះគឺជាការផ្លាស់ប្តូរមួយនៅក្នុងគោលនយោបាយរបស់ប្រទេសជប៉ុន ដែលកន្លងមកប្រទេសនេះ
មានការតឹងតែងជាមួយនឹងការទទួលយកពលករបរទេស ។វិស័យដែលប្រទេសជប៉ុនកំពុងត្រូវការកម្លំាងពលកម្ម មានដូចជាវិស័យផលិតកម្ម សំណង់សេវាសណ្ខាគារ និងផ្តល់ការថែទំា ។

លោករដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសជប៉ុនកាលពីថ្ងៃព្រហ្បតិ៍បានបដិសេធមិននិយាយពីចំនួនពលករដែលនឹងត្រូវទទួលយកនោះទេតែតាមប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ពលករចំនួនប្រមាណ 500.000 នាក់
អាចនឹងត្រូវប្រទេសជប៉ុនអនុញ្ញាតឲ្យចូលទៅធ្វើការក្នុងប្រទេសខ្លួន ដែលចំនួននេះ មានការកើនឡើង
40​ភាគរយ ។ តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បច្ចុប្បន្ននេះ ក្នុងប្រទេសជប៉ុន
មានពលករបរទេសចំនួន តែ 2​ ភាគរយក្នុងចំណោមកម្លាំងពលករក្នុងប្រទេស ។​