រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសគាំទ្រ និងសហការបន្ដការរៀបចំមហោស្រព តន្រ្ដីអន្ដរជាតិនៅកម្ពុជារបស់ស្ថានទូតអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសគាំទ្រ និងសហការបន្ដចំពោះការរៀបចំមហោស្រពតន្រ្ដី អន្ដរជាតិនៅក្នុងប្រទេសកម្ពុជារបស់ស្ថានទូតសហរដ្ឋអាមេរិក ដើម្បីចូលរួម លើកទឹកចិត្ដដល់ការអភិវឌ្ឍផ្នែកវិស័យសិល្បៈ វប្បធម៌ តន្រ្ដី នៅកម្ពុជាឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត។

ថ្លែងនៅក្នុងពិធីបើកមហោស្រពតន្រ្ដីអន្ដរជាតិភ្នំពេញលើកទី១៥ កាលពីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ លោក ជំទាវ ភឿង សកុណា រដ្ឋមន្រ្ដី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ដោយយល់ច្បាស់អំពីសារៈសំខាន់ របស់មហោស្រពតន្រ្ដីអន្ដរជាតិភ្នំពេញចំពោះសង្គម វប្បធម៌ សិល្បៈ តន្រ្ដី និងស្មារតីនៃការចង ចាំរបស់តន្រ្ដីករម្នាក់ៗ ហើយក្រសួងវប្បធម៌នឹងបន្ដគាំទ្រ ត្រៀមសហការដល់ការរៀបចំមហោ ស្រពនេះ ក្រោមប្រធានបទថ្មីៗផ្សេងទៀតសម្រាប់លើកក្រោយៗ។ លោកជំទាវរដ្ឋមន្រ្ដីបាន បញ្ជាក់ថា ការរៀបចំមហោស្រពតន្រ្ដីយ៉ាងទៀងទាត់ក្នុងកម្រិតអន្ដរជាតិនាពេលនេះគឺមិន ត្រឹមតែផ្ដល់ផលប្រយោជន៍ច្រើនដល់តន្រ្ដីករខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែក៏បានចូលរួមជំរុញលើក ទឹកចិត្ដដល់ការអភិវឌ្ឍសហគមនសិល្បៈទាំងមូលនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ និងរីក ចម្រើនថែមទៀត។ លោកជំទាវក៏បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតប្រកបដោយទេពកោសល្យខ្ពស់ ក្នុងការផ្សារភ្ជាប់តថភាពជីវិតសង្គមទៅនឹងតន្រ្ដី ឬអាចនិយាយម្ស៉ាងទៀត រវាងសង្គម និងសិល្បៈ។ លោកជំទាវក៏បានចាត់ទុកតន្រ្ដី មិនត្រឹមតែជាមធ្យោបាយ ដើម្បីរម្លឹក នូវអនុស្សាវរីយ៍ចាស់ៗដែលដិតជាប់ជាមួយមាតុប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែក៏មានតួនាទី ពិសេសផងដែរក្នុងការបណ្ដុះពន្លកក្ដីសង្ឃឹម និងមនោសញ្ចេតនាថ្មី ដើម្បីផ្សារភ្ជាប់បន្ដិចម្ដងៗ និងចុងក្រោយ ដើម្បីអាចធ្វើសមាហរណកម្មដោយពេញលេញទៅក្នុងសង្គមថ្មីតែម្ដង។

ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ភាពមាំមួននៅក្នុងការរៀបចំមហោស្រពតន្រ្ដីឆ្នាំនេះគឺបង្ហាញពីសិល្បៈនៃអ្នកនិពន្ធដែលបានចាកចេញពីប្រទេសកំណើតរបស់ពួកគេដើម្បីបង្កើតឱកាសអាជីពផ្ទាល់ខ្លួន និងសិល្បៈថ្មី សម្រាប់ខ្លួនគេនៅឯក្រៅប្រទេស។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ដថា ការពិតជាក់ស្តែងនេះ គឺជាការរម្លឹកដ៏មានប្រសិទ្ធភាពមួយអំពីតួនាទីរបស់ជនអន្តោប្រវេសន៍ដែលមានថាមពល និង ការច្នៃប្រឌិត ដែលអាចដើរតួក្នុងការរម្លឹ និងលើកកម្ពស់វប្បធម៌ផ្សេងទៀត។ ឯកឧត្ដម បានបន្ដទៀតថា តាមរយៈការរៀបចំមហោស្រពតន្រ្ដីអន្ដរជាតិនៅកម្ពុជានេះ គឺស្របពេល ដែលអ្នកចម្រៀងអាម៉េរិកកាំងដែលល្អឥតខ្ចោះមួយចំនួនបាននាំយកសិល្បៈរបស់ពួកគេត្រ ឡប់ទៅប្រទេសកំណើតរបស់ឪពុកម្តាយរបស់ពួកគេវិញ ហើយក៏បានផ្សារភ្ជាប់ និងកំពុងជួយ វប្បធម៌ខ្មែរឡើងវិញផងដែរ៕

ដោយ អ៊ុន រិទ្ធី