អនុប្រធានសភាប្រជាជនចិន វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម ចាង ឈុនស៊ាន អនុប្រធាន      គណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាង ប្រជាជនចិនទូទាំងប្រទេស បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ ព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងចូលជួបធ្វើសវនាការជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា ឯកឧត្តម ចាង ឈុនស៊ាន បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺដើម្បីអបអរសាទរ ដល់ប្រទេសកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ បា្ររព្ធខួបអនុស្សាវរីយ៍លើកទី៦០ បង្កើត ទំនាក់ទំនង​ការទូតរវាងប្រទេសទាំងពីរទន្ទឹមនេះ រដ្ឋាភិបាល និងប្រជាជនចិន ក៏បានចូល រួមសម្ដែងការអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី ៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោត ប្រកបដោយជោគជ័យ។ ឯកឧត្តមក៏បានសម្ដែង នូវសេចក្តីសប្បាយរីករាយចំពោះសមិទ្ធ ផលជាផ្លែផ្ការបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់ ស្ថាប័ននីតិប្បញ្ញត្ត នីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមក៏ បានវាយ តម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រកបដោយសុខដុម រមនា និងមានស្ថិរភាពនយោបាយ។ ដោយឡែក ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរក្រោមក្របខ័ណ្ឌខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការភាព ាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក៏មានការរីកចម្រើនយ៉ាងល្អ។ ឯកឧត្តមបានរម្លឹកថា កាលពីឆ្នាំ២០១៣ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បាន ផ្តួចផ្តើមគំនិតបង្កើតឡើងនូវគោលនយោបាយ ខ្សែក្រវាត់មួយ ផ្លូវមួយ ដែលមានបំណងនាំ មកនូវផលប្រយោជន៍ជាច្រើនជូនដល់ពិភពលោក ហើយគំនិតផ្តួចផ្តើមនេះ គឺជាការតភ្ជាប់ គ្នាខាងហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ វប្បធម៌ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ លើសពីនេះទៀត គោលនយោបាយ ខ្សែក្រវាត់មួយ ផ្លូវមួយ បានរួមចំណែកជួយដល់ព្រះរាជាណាចក្រ កម្ពុជា លើវិស័យជាច្រើន ដូចជា កំពង់ផែខេត្តព្រះសីហនុ វារីអគ្គិសនីមួយចំនួន សាលារៀន មន្ទីរពេទ្យ និងជីវភាពរស់នៅរបស់ប្រជាជន ដែលព្រះរាជាណាចក្រកម្ពុជាបានយក ចិត្តទុក ដាក់ គឺសុទ្ធតែស្ថិតក្រោមក្របខ័ណ្ឌខ្សែក្រវាត់មួយ ផ្លូវមួយ។ ឯកឧត្តម ក៏បានសម្តែងនូវការ អបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីពេលកន្លងទៅនេះ និងបានជ្រើសតាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៦ និង​បានអរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគាំទ្រដល់បញ្ហាស្នូល របស់សាធារណរដ្ឋប្រជាមានិតចិន។ លើសពីនេះទៀត ប្រទេសចិន សូមចាត់ទុកប្រទេសកម្ពុជា ជាមិត្តដែកថែបរបស់ប្រទេសចិន។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិ នៃប្រ​ទេសទាំងពីរ ជាពិសេសក្រុមមិត្តភាព ប្រទេសទាំងពីរ ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធថែមទៀត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកលើគ្រប់កម្រិត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីក រាយដោយបានឃើញទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈររហូតឈានដល់កម្រិតកំពូល គឺទំនាក់ ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុង​ជ្រោយ។ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមវិភាគទានយ៉ាង ធំធេងក្នុងការកសាង និងអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ននេះ។ សម្ដេចវិបុល សេនាភក្ដីបានចាត់ទុកប្រទេសកម្ពុជា និងប្រទេសចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាបង ប្អូនល្អ និងជាដៃគូល្អ។ ជានិច្ចកាលប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរ ឥតងាករេរបស់ ខ្លួនគឺគាំទ្រនយោបាយចិនមួយ។ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះថ្នាក់ដឹកនាំកំពូលរបស់ចិន ដែលបានទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ និងបានអបអរសាទរចំពោះសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរដ្ឋសភានីតិកាលទី៦ បន្តទៀត។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សភាប្រឹក្សា នយោបាយប្រជាជនចិន និងរដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយដល់ព្រឹទ្ធសភាកម្ពុជាតាំងពី នីតិកាលទី១ រហូតមកទល់បច្ចុប្បន្ននេះ ជាឧបករណ៍ សម្ភារការិយាល័យ រថយន្ត អគារធ្វើការរបស់ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជួយកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណព្រឹទ្ធសភា និងជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងស្ថាប័ន និងការលើកកម្ពស់សមត្ថភាពមន្រ្តីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ សម្តេចប្រធានព្រឹទ្ធសភា បានស្នើដល់អង្គការនីតិ ប្បញ្ញត្តិនៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ  គណៈកម្មការជំនាញ មន្រ្តីបច្ចេកទេស ដើម្បីផ្លាស់ប្តូរព័ត៌មាន រៀនសូត្រដកបទពិសោធន៍លើការងារនីតិកម្ម និង ការងារផ្សេងៗទៀតសម្ដេចវិបុលសេនាភក្ដីក៏បានជំរុញដល់មិត្ដចិនបន្តជួយបណ្តុះបណ្ដាលធនធានមនុស្សដល់យុវជនកម្ពុជា ដើម្បីបន្តវេនដឹកនាំ ថែរក្សាមរតកនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យស្ថិតថេរយូរអង្វែង។ សម្តេចប្រធាន ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីអន្តរជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន ដែល បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក៕

ដោយ ប៉ាល់ សុង