ក្រសួងសាធារណការ នឹងដាក់ឱ្យដំណើរការប្រព័ន្ធAppថ្មីនៅខែធ្នូខាងមុខ ដើម្បីឱ្យ ប្រជាពលរដ្ឋថតរូបភាពផ្លូវខូច ឬមានជង្ហុកផ្ញើបញ្ជូនមក

AKP ភ្នំពេញ ថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ជា ផ្លូវការប្រព័ន្ធAppថ្មី នៅខែធ្នូខាងមុខនេះ សម្រាប់ឱ្យប្រជាពលរដ្ឋ អាចចូលរួមផ្ដល់ជាព័ត៌មាន ឬថតរូបភាពផ្លូវខូច ឬផ្លូវមានសម្បុកមាន់ច្រើនផ្ញើបញ្ចូនមកតាមប្រព័ន្ធនេះ ដើម្បីឱ្យមន្រ្ដី ជំនាញបានដឹង និងចុះជួសជុលបានទាន់ពេលវេលា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋ មន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការប្រើប្រាស់ ប្រព័ន្ធAppថ្មីនេះ គឺវាមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការផ្ដល់ព័ត៌មាន និងថតរូបភាពផ្លូវខូច និងផ្លូវដែលមានសម្បុកមាន់ច្រើន ផ្ញើបញ្ជូនមកក្នុងប្រព័ន្ធAppនេះ ដើម្បីក្រុមការងារដោះស្រាយភ្លាមៗ ឯកឧត្តមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា ពេលដាក់ឱ្យដំណើរការAppនេះរួច នៅផ្លូវគ្រប់រាជធានី ខេត្ដ នឹងត្រូវដឹងកន្លែងមាន សម្បុកមាន់ និងបានបង្ហាញកាន់តែច្បាស់លាស់ ដែលត្រូវដឹងទាំងអស់គ្នា ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋបានថតផ្ញើរូបភាពចូលក្នុងប្រព័ន្ធនេះ។ ឯកឧត្តមបានពន្យល់ថា ប្រព័ន្ធ App នេះគឺល្អណាស់ ដោយសារតែនៅពេលដែលមានការបញ្ចូនរូបមកភ្លាមវាចេញ ពណ៌ ក្រហម និងដឹងព័ត៌មានពិតប្រាកដ ថាតើសម្បុកមាន់នេះ ឬកន្លែងផ្លូវខូចនេះនៅត្រង់ណា ម្ដុំណា ផ្លូវណាមួយលើសពីនេះទៀត ក្នុងពេលទទួលបានព័ត៌មាននេះ ក្រសួងនឹងផ្ដល់ជូន ទៅឱ្យមន្ទីរសាធារណការរាជធានី ខេត្ដ ឬមន្រ្ដីជំនាញក្រសួង ដើម្បីចុះទៅពិនិត្យ និងជួសជុល សម្បុកមាន់តាមកន្លែងដែលបានខូចនោះ។ ឯកឧត្តមបានបន្ដថា ក្រោយពីការជួសជុលកន្លែង សម្បុកមាន់នេះរួច ហើយថតរូបភាពដាក់បញ្ជូលក្នុងប្រព័ន្ធAppនេះ ត្រឡប់មកវិញ វានឹងក្លាយ ជាពណ៌បៃតង។

ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា តាមរយៈប្រព័ន្ធ Appនេះ ក្រសួងសាធារណការ នឹងសររសេរដាក់ឈ្មោះប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី ខេត្ដក្នុង ប្រព័ន្ធAppនេះ ដើម្បីឱ្យប្រជាពលរដ្ឋស្គាល់មុខ និងដាក់បង្ហោះចំនួនផ្លូវខូច ផ្លូវមានសម្បុកមានប៉ុន្មានសរុបប្រចាំខែ នៅតាមរាជធានី ខេត្ដនីមួយៗ ដើម្បីឱ្យបានដឹងទាំងអស់គ្នា។

ឯកឧត្តមបានអះអាងទៀតថា បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់Appនេះជាផ្លូវការនៅ ទូទាំងប្រទេសហើយ ក្រសួងសាធារណការ នឹងទទួលបាននូវព័ត៌មានកាន់តែច្រើន និងគំនិត ថ្មីៗពីគ្រប់មជ្ឈដ្ឋាន ក្នុងការចូលរួមគ្រប់គ្រង និងថែទាំផ្លូវថ្នល់ឱ្យបានល្អ និងមានប្រសិទ្ធភាព

គូរបញ្ជាក់ថា តាមរយៈសមិទ្ធផលសម្រេចបានទាក់ទងនឹងផែនការ១០០ថ្ងៃ ក្នុង អាណត្តិទី៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានបង្កើតការអភិវឌ្ឍកម្មវិធី Road Care App ដែលអាចទាញយកមកប្រើប្រាស់បាននៅលើទូរសព្ទដៃ ជាពិសេសកម្មវិធីនេះ អាច ឱ្យប្រជាពលរដ្ឋថតរូបភាព ជង្ហុកសម្បុកមាន់ ផ្ញើមកក្រុមការងារបច្ចេកទេសក្រសួង។ បន្ទាប់ពី ទទួលបានរូបភាពរួចហើយ ក្រុមការងារក្រសួងនឹងចុះត្រួតពិនិត្យ និងជួសជុលភ្លាមៗ ដើម្បី បង្ការ កុំឱ្យរីករាលដាលកាន់តែធំ ដែលអាចបង្កគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរ៕

ដោយ អ៊ុន រិទ្ធី