ប្រទេសនូវែលហ្សេឡង់នៅពង្រឹងកិច្ចសហប្រតិបត្តការលើគ្រប់វិស័យជាមួយកម្ពុជា

វិទ្យុជាតិកម្ពុជា អត្ថបទលោក អាត ចន្ធូ

ភ្នំពេញ៖  ប្រទេសនូវែលហ្សេឡង់ បានអះអាងថានៅតែបន្ដជំហក្នុងការពង្រឹងកិច្ចសហប្រតិបត្តការលើ គ្រប់វិស័យជាមួយកម្ពុជា ពិសេសលើលើវិស័យអភិវឌ្ឍន៍កសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យពាណិជ្ជកម្ម។

ឯកឧត្តម TAHA MACPHERSON ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់បានប្តេជ្ញាជំរុញឲ្យមានកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។

នេះបើតាមការឲ្យដឹងពីលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រាប់អ្នកសាព័ត៌មានក្រោយជំនួប រវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម TAHA MACPHERSON ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ កាលពីរសៀលថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេស។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់អំពីការវិវត្តនៃស្ថានការរបស់កម្ពុជាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។ ការវិវត្តជាវិជ្ជមានការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ការដោះលែងអតីតអ្នកនយោ បាយ អ្នកកាសែត ដែលបានប្រព្រឹត្តខុសនិងច្បាប់ និងជាប់ ទោសកន្លងមកនិងការវិវត្តល្អផ្សេងៗទៀតពាក់ព័ន្ធ នយោ បាយនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ទោះបីជាប្រទេសទាំងពីរមានជំហរខុសគ្នាខ្លះ ទាក់ទងនិងស្ថានការណ៍នយោបាយក៏ដោយ។ ប៉ុន្តែកម្ពុជា និងនូវែលហ្សេឡង់ នៅមានផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការធំជាមួយគ្នាផ្សេងទៀត ដូចជាកិច្ចសហប្រតិ បត្តិការក្នុងវិស័យអប់រំ កសិកម្ម និងពាណិជ្ជកម្មជាដើម៕