សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ​ប្រកាសបើកឱ្យ​សាធារណជន ចូលទស្សនាដោយឥតគិតថ្លៃរយៈពេល៣ថ្ងៃ

AKP សៀមរាប ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –យោងតាម​សេចក្តី​ជូន​ដំណឹងរបស់​អាជ្ញាធរជាតិ​អប្សរាបានឱ្យដឹងថាដើម្បី​អបអរសាទខួប​១០​ឆ្នាំនៃដំណើរការបើកទទួលភ្ញៀវរបស់សារមន្ទីរព្រះនរោត្តមសីហនុអង្គរ សារមន្ទីរនឹង បើកឱ្យ​សាធារណជនទូទៅចូលទស្សនាដោយឥតគិតថ្លៃ រយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

លោក ឡុង កុសល ប្រធាននាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរជាតិ​អប្សរាបាន​ឱ្យ​ដឹងថា នេះជាឱកាសល្អសម្រាប់​ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន​បាន​ឈ្វេងយល់ឱ្យបានកាន់តែ ច្រើនបន្ថែមទៀត ពីបេតិកភណ្ឌសម្បត្តិ សិល្បៈវប្បធម៌ជាតិរបស់យើង ដើម្បីជំរុញ​ឱ្យប្រជា ពលរដ្ឋចេះស្រឡាញ់ និងចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ផងដែរ

លោកបាន​បន្តថា សារមន្ទីរព្រះនរោត្តមសីហនុអង្គរនេះ គឺ​ជាថ្នាក់រៀនមួយ ដែលបាន​បង្ហាញពីភាព​រុងរឿង​នាសម័យបុរាណ​ឱ្យសារធារណជនបាន​ដឹងជាពិសេសយុវជន ព្រោះថា នៅ​ពេល​ពួកគេ​បាន​ដឹង​ពីភាព​រុង​រឿង​នាសម័យ​មុននេះ ជាកត្តាមួយជំរុញឱ្យចិត្ត​របស់​ពួក​គាត់​កាន់​តែមាន​ភាព​ជឿជាក់ និង​ខិតខំចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ឱ្យមានភាព រីកចម្រើនខ្លាំងដូចសម័យមុនដែរ។

សូមបញ្ជាក់ថា សារមន្ទីរព្រះនរោត្តមសីហនុអង្គរនេះ ស្ថិតនៅ​ខាងជើងជាប់សាលា ខេត្តសៀមរាបនៅក្នុងសារមន្ទីរនេះមានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទ រួមមាន បដិមា កុលាលភាជន៍ ផ្នូរបុរាណសាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ។ តាមឯកសារ ស្រាវជ្រាវបាន បង្ហាញថា លលាដ៍ក្បាលមនុស្សបុរាណកាលនេះ ស្ថិតក្នុងសម័យយុគសំរិទ្ធ និងបានរកឃើញនៅ ក្នុងបាតបារាយណ៍ទឹកថ្លា ក្នុងអំឡុងពេលអ្នកស្រាវជ្រាវបុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវនៅ បារាយណ៍ទឹកថ្លា ឆ្នាំ២០០៤-២០០៥។ ចំពោះរូបបដិមាជាច្រើនទៀតត្រូវបានយកមកពីការ កំណាយនៅប្រាសាទបន្ទាយក្តី៕

ដោយ ឃុត សៅ