កម្ពុជា​-ចិន​ឯកភាព​គ្នាបង្កើន​កិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ

 

 វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

 

ភ្នំពេញ​៖កម្ពុជា​-ចិន​ឯកភាព​គ្នាបង្កើន​កិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ  ដើម្បីផ្លាស់ប្តូរព័ត៌មាន រៀនសូត្រដកបទពិសោធន៍លើការងារនីតិកម្ម និងការងារផ្សេងៗទៀត​។

 

 

 

ក្នុងឱកាសបានអនុញ្ញាតឱ្យឯកឧត្តម ចាង ឈុនស៊ាន អនុប្រធាន  គណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម ​នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ នៅវិមានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ថា  កម្ពុជា និងចិនបានពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ពិសេសរវាងអង្គការនីតិប្បញ្ញត្តិ។

 

 

 

សម្តេចប្រធានព្រឹទ្ធសភា បានស្នើឲ្យមានការផ្លាស់ប្តូរទស្សនិកិច្ចថ្នាក់ដឹកនាំ  គណៈកម្មការជំនាញ មន្រ្តីបច្ចេកទេសដើម្បីផ្លាស់ប្តូរព័ត៌មាន រៀនសូត្រដកបទពិសោធន៍លើការងារនីតិកម្ម និងការងារផ្សេងៗទៀត​ព្រមទាំងយកចិត្តទុកដាក់បន្តជួយបណ្តុះបណ្ដាលធនធានមនុស្សដល់យុវជនកម្ពុជា ដើម្បីបន្តវេនដឹកនាំ ថែរក្សាមរតកនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឲ្យថិតថេរយូរអង្វែងតរៀងទៅ។

 

ឯកឧត្តម ចាង ឈុនស៊ាន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ជាពិសេសក្រុមមិត្តភាពនៃប្រទេសទាំងពីរ ដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធថែមទៀត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកលើគ្រប់កម្រិត៕