អភិបាលរាជធានីភ្នំពេញអញ្ចើញទៅចែករំលែក និងដកស្រង់បទពិសោធន៍ពីការអភិវឌ្ឍទីក្រុងនៅប្រទេសបារាំង

វិទ្យុជាតិកម្ពុជា អត្ថបទដោយលោក អ៊ួង វុធ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញអញ្ចើញទៅចែករំលែក និងដកស្រង់បទពិសោធន៍ពីការអភិវឌ្ឍទីក្រុងនៅនៅទីក្រុង ប៉ារីសប្រទេសបារាំង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី ០១ វិច្ឆិកា បាន ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅចូលរួមមហាសន្និបាតលើកទី៣៨ របស់សមាគម អន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងAIMFនៅទីក្រុងប៉ារីសពីថ្ងៃទី១ដល់ថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០១៨។

រាជធានីភ្នំពេញ គឺជាសមាជិករបស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើ ប្រាស់ភាសាបារាំងAIMF ហើយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងក្លាយជាសមាជិកអចិន្ត្រៃយ៍របស់សមាគម ក្នុងអាណត្តិជា អភិបាលរាជធានីភ្នំពេញ ដែលជាទីក្រុងតែមួយគត់នៅ អាស៊ី បានក្លាយជាសមជិកអចិន្ត្រៃយ៍របស់AIMF។

ក្នុងកិច្ចប្រជុំលើកទី៣៨របស់AIMFប្រតិភូរាជធានីភ្នំពេញនឹងចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍទីក្រុង ជាមួយនឹងទីក្រុងពីរផ្សេងទៀត គឺទីក្រុងគីហ្គាលី របស់ប្រទេសរាវ៉ាន់ដា និងទីក្រុងទុយនិស្ត របស់ប្រទេសទុយនេស៊ី ដែលទីក្រុងទាំង៣ សុទ្ធតែបានឆ្លងកាត់ និងរងនូវអំពើឃោឃៅ កាប់សម្លាប់យ៉ាងរង្គាល ពីរបបនយោបាយប្រល័យពូជសាសន៏ដូចគ្នា។

ចំពោះប្រធានបទ ដែលត្រូវលើក យកមកដាក់ក្នុងកិច្ចប្រជុំលើកទី៣៨របស់AIMFឆ្នាំនេះ គឺកីឡានិងការអភិវឌ្ឍលើដែនដី នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង។ ក្រៅពីចូលរួមកិច្ចប្រជុំរបស់AIMF ឯកឧត្តម អភិបាល និងប្រតិភូរួមដំណើរ នឹងជួបសំណេះសំណាល ជាមួយ លោកស្រី អាន អ៊ីដាល់ហ្គោAnne HIDALGOអភិបាលក្រុងប៉ារីស និងជាប្រធាន AIMF។
នៅក្នុងឱកាសស្នាក់នៅប្រទេសបារាំង ឯកឧត្តម អភិបាលរាជធានីភ្នំពេញ នឹងពិភាក្សាការងារ ជាមួយមន្ត្រី ក្រសួងការបរទេសបារាំង រួមទាំងធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍ ទីក្រុងប៉ារីស និងទស្សនាសួនបណ្តុះកូនឈើ សម្រាប់ដាំក្នុងទីក្រុងនោះផងដែរ៕