ពួកឧទ្ទាមរ៉ាឌីកាល់ជ្រុលនិយមវាយប្រហារកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលរំលោភលើកិច្ចព្រមព្រៀងតំបន់ទ្រនាប់នៅអ៊ីដលីប

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ — អង្គការត្រួតពិនិត្យមើលសង្គ្រាមមួយរាយការណ៍ថា ក្រុមឧទ្ទាមរ៉ាឌីកាល់ជ្រុលនិយមបានវាយ ប្រហារទីតាំងកងកម្លាំងរដ្ឋាភិបាលស៊ីរីនៅក្នុងតំបន់មិនឱ្យមានយោធា កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដែលកត់សម្គាល់ឱ្យឃើញនូវការវាយប្រហារ ជាលើកដំបូងលើកងកម្លាំងស៊ីរីនៅក្នុងតំបន់ទ្រនាប់ ។

កន្លែងសង្កេតមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ក្រុមឧទ្ទាមដែលមានសម័្ពន្ធភាពជាមួយក្រុម Hayat Tahrir al-Sham ក្រុមការពាររបស់រណសិរ្សនូស្រា ដែលមានទំនាក់ទំនងជាមួយពួកអាល់កៃដា បានវាយប្រហារទីតាំងស៊ីរីនៅក្នុងទីជនបទភាគខាងកើតខេត្តអ៊ីដលីប ក្នុងប្រទេសស៊ីរីភាគពាយ័ព្យ ។

វាជាការវាយប្រហាររបស់ពួកឧទ្ទាមលើកដំបូងទៅលើកងកម្លាំងរដ្ឋាភិបាល ចាប់តាំងពីកិច្ចព្រមព្រៀងតំបន់មិនឱ្យមានយោធាបានចូលជាធរមាន កាលពីខែកន្លងទៅ ។ ការបង្កើតតំបន់មិនឱ្យមានយោធាមួយ គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងតួកគី-រុស្ស៊ី ដែលបានសម្រេចកាលពីក្នុងខែកញ្ញា ដើម្បីបំបែកកងកម្លាំងស៊ីរីចេញពីពួកឧទ្ទាម ។

តាមកិច្ចព្រមព្រៀងនោះឱ្យដឹងថា ក្រុមរ៉ាឌីកាល់ជ្រុល ដែលភាគច្រើនបានចូលរួមជាមួយពួកអាល់-កៃដានោះ ត្រូវដកពួកយុទ្ធជននិងគ្រឿងសព្វាវុធរបស់ពួកគេចេញពីតំបន់នេះ ដែលនឹងបង្កើតបានជាវង់មួយ នៅជុំវិញអ៊ីដលីប ជាទីតាំងឧទ្ទាមយ៉ាងសំខាន់ចុងក្រោយ ក្នុងប្រទេសស៊ីរី ។

តែយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងនេះ គេគ្រាន់តែអនុវត្តន៍បានមួយផ្នែកប៉ុណ្ណោះព្រោះពួកយុទ្ធ ឧទ្ទាមមិនទាន់បានដកចេញនៅឡើយ ទោះបីជាមានការដកគ្រឿងសព្វវុធធុនធ្ងន់របស់ពួកគេក៏ដោយ ។
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក វ៉ាលីដអាល់-មួលឡេម ( Walid al-Moallem ) បាននិយាយកាលពី ពេលថ្មីៗនេះថា ក្រុមភេរវជននៅតែមានវត្តមាននៅឡើយនៅអ៊ីដលីប ដែលគូសបញ្ជាក់ថា ភាគីតួកគីមិន បានធ្វើតាមកិច្ចព្រមព្រៀងតំបន់មិនឱ្យមានយោធានេះទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)