កម្ពុជាបញ្ជូនកម្លាំងវិស្វ័កកម្មមួកខៀវ២០៤នាក់ទៅអាហ្វ្រិកកណ្តាល

វិទ្យុជាតិកម្ពុជាអត្ថបទ៖លោជួន បូណា
ភ្នំពេញ:កម្ពុជាបញ្ជូនកងវិស្វ័កម្មសំណង់កម្លាំងមួកខៀវលេខ៥៩៤ ចំនួន២០៤នាក់ ស្រី១០នាក់ទៅកាន់ សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីប្តូរវេនក្នុងបំណង ស្វែងរកសន្តិភាពសំរាប់ប្រទេសមួយនេះបន្ថែមទៀត។
ក្នុងពិធីជូនដំណើរកងវិស្វ័យកម្មកម្លាំងមួកខៀវទាំង២០៤នាក់ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅមូលដ្ឋានទ័ពអាកាស ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម បានមានប្រសាសន៍ថា កម្លាំង ត្រូវទៅបំពេញការងាររបស់អង្គការហប្រជាជាតិនេះ គឺជាកម្លាំងដែលបានទទួល វគ្គហ្វឹកហ្វឺន ជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព មានសមត្ថភាព ក្នុងការចូលរួមដូចបណ្ដាកងមុនៗផងដែរ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កងកម្លាំងទាំងនោះ មានសមាសភាពមកពីស្ថាប័ន ដូចជា ក្រសួងការពារជាតិ កងពលធំអន្ដរាគមន៍លេខ២ យោធភូមិភាគទី៤ សាកលវិទ្យាល័យការពារជាតិ បញ្ជាការដ្ឋានទ័ពជើងគោក អគ្គបញ្ជាការដ្ឋានរដ្ឋក្រោះ កងពលតូចអន្ដរាគមន៍លេខ១១ បញ្ជាការដ្ឋានកោះឆ្នេរ កងពលធំអន្ដរាគមន៍លេខ២ យោធភូមិភាគទី៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងទ័ពអាកាស បញ្ជាការដ្ឋានកងទ័ពជើងទឹក វិទ្យាស្ថានសុខាភិបាលខេមរៈភូមិន្ទ យោធភូមិភាគពិសេស យោធភូមិភាគទី១ កងពលតូចអន្ដរាគមន៍លេខ១៤ កងពលតូចអន្ដរាគមន៍លេខ១ និងមន្ទីរពេទ្យព្រះកេតុមាលាជាដើម។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្ដិភាពបានបញ្ជាក់ថា “ការបញ្ជូនកម្លាំងវិស្វ័កកម្មនេះ គឺជាការស្នើរការិយាល័យអង្គការសហប្រជាជាតិ មក កម្ពុជា ដើម្បីបញ្ជូនទៅកាន់អាហ្វ្រិកកណ្តាល ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ ដែលនឹងត្រូវ ត្រឡប់ មកវិញ។ ឯកឧត្តម បញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូនកម្លាំង ចំនួនសរុបប្រមាណ៥៥៧៩នាក់ ក្នុងនោះមានកម្លាំងនារីចំនួន២៦៧នាក់ ទៅចូល រួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។
លោកស្រី ប៉ូលីន តាមេស៊ីស តំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិកម្ពុជា បានលើកឡើងថា កម្ពុជាបានបញ្ជូនកម្លាំងទាំង២០៤នាក់ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាលលើនេះ គឺកម្ពុជាបានបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រតិបត្តិការសន្តិភាព របស់ អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះ ដ៏ស្មុគស្មាញ និងការពារជនស៊ីវិល ដែលជាភារកិច្ច ដ៏សំខាន់បំផុត និងជាសក្ខីភាពជាក់ស្តែងផងដែរ ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្លាំងកម្ពុជា កំពុងបំពេញ បេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី៕