រដ្ឋសភាកម្ពុជាគាំទ្រការដាក់ឲ្យប្រើប្រាស់ប្រាក់យ៉ន់តាមរយៈប្រព័ន្ធធនាគារនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក ចេម ហួត
ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានប្រកាសគាំទ្រចំពោះគម្រោងការដាក់ឲ្យប្រើប្រាស់ប្រាក់យ៉ន់តាមរយៈប្រព័ន្ធធនាគារនៅកម្ពុជាដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគីការវិនិយោគ និងទាក់ទាញទេសចរចិន។
ក្នុងឱកាសទទួលជួបសម្តែងការគួរសមនិងធ្វើសវនការជាមួយឯកឧត្តម ចាង ឈុនហ៊្សាន (Zhang Chunxian) នាព្រឹកថ្ងៃទី២ខែវិច្ឆិកានៅវិមានរដ្ឋសភា សម្តេច អគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភាកម្ពុជាមានប្រសាសន៍ថា ការដាក់ឲ្យប្រើប្រាស់ប្រាក់យ៉ន់ តាមរយៈប្រព័ន្ធធនាគារនៅកម្ពុជានេះ គឺជាសញ្ញាវេជ្ជមានថ្មីមួយទៀតក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន។ ជាពិសេសបង្កើនភាពងាយស្រួល ដល់វិនិយោគ និងភ្ញៀវទេសចរចិនក្នុងទូទាត់ប្រាក់យ៉ន់នៅកម្ពុជា។
គួរម្លឹកថា កន្លងមក ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិនពីរធ្វើជាធនាគារទូទាត់ប្រាក់យ៉ន់ គឺ ធនាគារ BOC និងធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា ១៣ ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់យ៉ន់ ហើយតាមរយៈនេះ វិនិយោគិន ពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ៉ន់ អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិន៕