លោក ស៊ី និងលោក ត្រាំ ធ្វើការសន្ទនាគ្នាតាមទូរស័ព្ទ ព្រមទាំងនឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូល G 20

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ​) និង ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) កាលពីថ្ងៃព្រហស្បតិ៍បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទ ដោយនិយាយពីពាណិជ្ជកម្មទ្វេ ភាគី នឹងបញ្ហាឧបទ្វីបកូរ៉េ ដោយឡែកបានព្រមព្រៀងជួបប្រជុំគ្នាទ្វេភាគីក្នុងអំឡុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអារហ្សង់ទីន ។

លោក ត្រាំ បាននិយាយក្នុងអំឡុងការសន្ទនាគ្នានោះថា លោកទន្ទឹងរង់ចាំជួបលោក ស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 ដើម្បីពួកគេអាចធ្វើការពិភាក្សាគ្នាឱ្យស៊ីជម្រៅមួយអំពីបញ្ហាសំខាន់ៗ មួយចំនួន ។ប្រធានាធិបតីអាម៉េរិកនិយាយបន្ថែមថា លោកសង្ឃឹមថា ប្រទេសទាំងពីរ នឹងធ្វើកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំនេះ ។

លោកបាននិយាយថា ស.រ.អា យកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស.រ.អា – ចិន ហើយចង់បន្តពង្រីកការនាំចេញទៅចិន ដោយលោកនិយាយបន្ថែមថា ក្រុមសេដ្ឋកិច្ចមកពី ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរ នឹងធ្វើការពិគ្រោះយោបល់គ្នា ។

លោក ត្រាំ ក៏បានសំដែងការគាំទ្ររបស់លោកផងដែរ ដល់ការតាំងពិព័រណ៌នាំចូលអន្តរជាតិចិន ( CIIE ) ដែលគេនឹងធ្វើចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅសាងហៃ ដែលជាលើកដំបូងនៃការធ្វើបែបនេះក្នុងប្រទេសចិន ។

នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទដែលបានធ្វើឡើងតាមការអញ្ជើញរបស់ លោក ត្រាំ នោះ លោក ស៊ី បាននិយាយថា លោកមានការសប្បាយរីករាយ ដើម្បីធ្វើកិច្ចចរចាជាមួយលោក ត្រាំ តាមទូរស័ព្ទ ។ ហើយលោកក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះទំនាក់ទំនងដ៏ល្អមួយជាមួយលោក ត្រាំ ។

លោក ស៊ី បាននិយាយថា លោកកំពុងមានឆន្ទះជួបលោក ត្រាំ ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអារហ្សង់ទីន ហើយនឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាថែមទៀត ស្តីពីចំណងទាក់ទងទ្វេភាគី ព្រមទាំងបញ្ហាសំខាន់ៗ ដទៃទៀត ។

លោក ស៊ី បាននិយាយថា លោកនិងលោក ត្រាំ មានទស្សនៈដ៏ល្អសម្រាប់ការអភិវឌ្ឍដ៏រឹងមាំ និងមានស្ថិរភាពមួយនៃទំនាក់ទំនងចិន – ស.រ.អា ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយពួកគេគួរតែធ្វើកិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យចេញជារូបរាងពិតប្រាកដបំណងប្រាថ្នានេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )