ប្រធានាធិបតីកូរ៉េខាងត្បូងប្តេជ្ញាធ្វើឱ្យឧបទ្វីបកូរ៉េមានសន្តិភាព និងសង្គមដែលមានការរាប់បញ្ចូល

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា- អ៊ីន (Moon Jae –in ) បានប្តេជ្ញាធ្វើឱ្យឧបទ្វីបកូរ៉េមានសន្តិភាព និងសង្គមដែលមានការរាប់បញ្ចូលមួយក្នុងអំឡុងសុន្ទរកថាថវិការបស់លោកនៅក្នុងសភាជាតិកាលពីថ្ងៃព្រហស្បតិ៍នេះ ។

លោក មូន បាននិយាយថា កូរ៉េទាំងពីរ និង ស.រ.អា នឹងសម្រេចបានការធ្វើឱ្យឧបទ្វីបនេះគ្មាននុយក្លេអ៊ែរទាំងស្រុង ព្រមទាំងដំណោះស្រាយសន្តិភាពជាអចិន្ត្រៃយ៍ដែលផ្អែកលើជំនឿទុកចិត្តគ្នាយ៉ាងរឹងមាំក្នុងចំណោមភាគីទាំងបី ។

លោកបានកត់សម្គាល់ថា ជំនឿទុកចិត្តគ្នាត្រូវបានគេបង្កើតឡើងដោយលើកឡើងនូវកិច្ចប្រជុំកំពូលអន្តរកូរ៉េដែលបានធ្វើឡើង៣លើក ក្នុងឆ្នាំ ២០១៨ តែមួយ ព្រមទាំងកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រក្នុងខែមិថុនា រវាងមេដឹកនាំកូរ៉េខាងជើង និង ស.រ.អា ។

លោក មូន បាននិយាយថា កូរ៉េខាងត្បូង និង កូរ៉េខាងជើង បានលុបបំបាត់ទាំងស្រុងគ្រោះថ្នាក់នៃជម្លោះយោធានៅលើឧបទ្វីបនេះ តាមរយៈកិច្ចព្រមព្រៀងយោធាដ៏ទូលំទូលាយ ដែលប្រមុខការពាររបស់ កូរ៉េទាំងពីរបានចុះហត្ថលេខាក្នុងអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េថ្មីបំផុតក្នុងក្រុងព្យុងយ៉ាងកាលពីខែកញ្ញា ។

ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងយោធានេះ ភាគីទាំងពីរបានចាប់ផ្តើមបញ្ឈប់រាល់អំពើអមិត្តទាំងអស់នៅក្នុងតំបន់ព្រំដែន តាមបណ្តោយខ្សែបន្ទាត់កំណត់ព្រំដែន ( MDL ) ។ លោក មូន បានប្តេជ្ញាផងដែរធ្វើឱ្យកូរ៉េខាងត្បូងជាប្រទេសដែលមានរាប់បញ្ចូលមួយដែលនៅទីនោះ ប្រជាជនទាំងអស់នឹងរស់នៅជាមួយគ្នាដោយសុខសាន្ត ។

លោក មូន បានកត់សម្គាល់ថា ថ្វីបើកូរ៉េខាងត្បូងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដែលធ្វើឱ្យ ភ្ញាល់ផ្អើលមួយក៏ដោយ ក៏វានៅមានផ្លូវដ៏វែងឆ្ងាយមួយដែលត្រូវធ្វើដំណើរទៅដើម្បីក្លាយទៅជាសង្គម ដែលមានរាប់បញ្ចូលនេះ ។

គេព្យាករណ៍ថា ការនាំចេញរបស់ប្រទេសនេះមានទៅដល់ ៦០០ពាន់លានដុល្លារ សម្រាប់ពេលជាលើកដំបូងនៃឆ្នាំនេះ នៅពេលដែលការនាំទំនិញទៅខាងក្រៅមានលើសពី៥០០ពាន់លានដុល្លាររួចស្រេចហើយ សម្រាប់១០ខែដំបូងនៃឆ្នាំនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )