ខេត្តព្រះសីហនុ បើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩

AKP ព្រះសីហនុ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨​ –
   កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០១ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរៀបចំពីធីបើកបវេសនកាលឆ្នាំសក្សា២០១៨-២០១៩​ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ​ ហ៊ុនសែន​ឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោម​អធិបតីភាព​លោក ផៃ ប៊ុនវណ្ណៈ អភិបាល​រងខេត្តព្រះសីហនុ​ ព្រមទាំងមន្ត្រីមន្ទីរ​ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ​ ។ 


   

លោក កែវ ឡាយ​ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៍ ឱ្យដឹងថា ខេត្តព្រះសីហនុបានទទួលអគារសិក្សាសរុបចំនួន ៥២ខ្នង ស្មើ​នឹង ៨៤២បន្ទប់​ ក្នុងនោះមាន​ អគារសិក្សា ២២ខ្នង​ ស្មើ​នឹង ៥៨៥បន្ទប់​, អគារទីចាត់ការ ១៩ខ្នង​ ស្មើ ៥៧បន្ទប់​, អគារផ្ទះគ្រូ ៧ខ្នង ស្មើនឹង ១៣០បន្ទប់ និង​អគារ​ផ្ទះ​សិស្ស​ស្មើ​ ៧០បន្ទប់ ។  គារសិក្សា ២ខ្នង ស្មើនឹង ៥៨បន្ទប់ នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ​ហ៊ុនសែន​ឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុបានបើកឱ្យដំណើរការ ក្នុងឆ្នាំសិក្សា២០១៨-២០១៩  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ 

   

លោកប្រធានមន្ទីរបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ​គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានយកចិត្តទុកដាក់លើវិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ។
 

លោក​ ផៃ ប៊ុនវណ្ណៈ អភិបាលរង​ខេត្តព្រះសីហនុ​មានប្រសាសន៍សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ ដោយបានធ្វើការផ្ដាំផ្ញើ​ដល់​សិស្សានុសិស្សត្រូវ​ខិតខំ​សិក្សា​រៀនសូត្រក្រេបយកចំណេះដឹងចំណេះធ្វើពិតប្រាកដ និងមានគុណភាព ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ ព្រោះក្មួយជាទំពាំងស្នងឫស្សី និងជាសរទ្រូងដឹកនាំប្រទេសជាតិនាពេលអនាគត ។ 
   

លោអភិបាលរង​ខេត្ត ក៏បានធ្វើការអំពាវនាវសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រគោរពវិន័យសាលា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍  ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ ៕

ដោយ ងូ សុមុនី