កម្ពុជាស្នើសហរដ្ឋអាមេរិក ជួយពង្រឹងសមត្ថភាពមន្ត្រីកាំកុងត្រូល លើការងារត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលនឹងត្រូវបញ្ចប់បេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសហរដ្ឋអាមេរិកជួយបណ្តុះបណ្តាលមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល លើការងារត្រួតពិនិត្យ និងគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងធានាការលើកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ជម្រាបជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម និងកាតព្វកិច្ចស្នូលរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលទទួលខុសត្រូវលើបញ្ហាសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងធុរកិច្ចដោយសមធម៌។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើការពង្រឹងសុវត្ថិភាពម្ហូបអាហារ ហើយនៅអគ្គនាយកដ្ឋានកាំកុងត្រូល មានមន្ទីរពិសោធន៍ និងឧបករណ៍មួយចំនួន ប៉ុន្តែត្រូវការជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលត្រឹមត្រូវ ពីជំនាញការអន្តរជាតិ ដូចជាសហរដ្ឋអាមេរិក ដែលមានបច្ចេកវិទ្យាទំនើប និងបទពិសោធន៍ខ្ពស់ ដើម្បីកសាងសមត្ថភាពមន្ត្រី ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ដោយឡែក ឯកឧត្តម William A. Heidt បានទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានសន្យាធ្វើការបន្តជាមួយរដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យ (FDA) ដែលជាទីភ្នាក់ងារសហព័ន្ធ ចំណុះឱ្យក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកគំរូឧត្តមានុវត្តន៍ (ការអនុវត្តល្អបំផុត) សម្រាប់ពង្រឹងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រចំពោះវត្តមានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (AmCham) និងកិច្ចសហការល្អជាមួយស្ថានទូត ក្នុងការរៀបចំទស្សនកិច្ចសិក្សា និងវេទិកាជំនួបធុរកិច្ចផ្សេងៗ និងបានស្នើឱ្យឯកអគ្គរដ្ឋទូតថ្មី អញ្ជើញវិស័យឯកជនកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម នៅក្នុងសហរដ្ឋអាមេរិកឱ្យបានកាន់តែច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕

ដោយ ទេស ច័ន្ទសុធារី