ឯកឧត្ដម វេង សាខុន អនុញ្ញាតឱ្យព្រឹទ្ធបុរសមហាវិទ្យាសាស្ត្រជីវកសិកម្មនៃសាកលវិទ្យាល័យណាហ្គូយ៉ា ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ជិកា ឆ្នាំ២០១៨-នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកសាស្ត្រាចារ្យ Kazuhito Kawakitaព្រឹទ្ធបុរសមហាវិទ្យាសាស្ត្រជីវកសិកម្មនៃសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងជម្រាបជូនអំពីសកម្មភាព នៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើការងារបណ្តុះ      បណ្តាលថ្នាក់បណ្ឌិតកសិកម្ម។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចាប់ផ្តើមតាំងពីឆ្នាំ២០០០មកម្ល៉េះ។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងនៅមានសក្តានុពលក្នុងការពង្រីកសាកលវិទ្យាល័យណាហ្គូយ៉ា បានសម្រេចចិត្តបង្កើតសាខា (Satellite Institute) ចំនួន៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះរួមមាន៖ ១- សាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់សិក្សា និងលើកកម្ពស់ផ្នែកកសិកម្ម, ២-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់សិក្សាផ្នែកអភិវឌ្ឍនអន្តរជាតិ,សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់សិក្សាផ្នែកច្បាប់។

ក្នុងជំនួបនោះលោកសាស្ត្រាចារ្យ kawakita ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជំហានទី២ នៃផែនការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្រៅពីការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត សាកលវិទ្យាល័យណាហ្គូយ៉ាក៏គ្រោងបន្តបង្កើតកិច្ចសហប្រតិបត្តិការត្រីភាគីរវាង កម្ពុជា-ជប៉ុន-ហ៊្វីលីពីន តាមរយៈបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រកសិកម្មនៅក្នុងតំបន់ត្រូពិក ដើម្បីពង្រឹងសមត្ថភាពអប់រំ ស្រាវជ្រាវរបស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមមួយកម្រិតទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាកលវិទ្យាល័យណាហ្គូយ៉ា ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃនេះនឹងបន្ត ធ្វើយ៉ាងណាលើកស្ទួយធនធានមនុស្ស ពិសេសមន្ត្រីជំនាញរបស់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព។

ឯកឧត្តមបន្តថា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានពេញលេញ និងមានប្រសិទ្ធភាព អនុវិស័យជលផល ព្រៃឈើ ការកែច្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកសិកម្ម គួរតែបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់សាកលវិទ្យាល័យណាហ្គូយ៉ា ពិនិត្យលទ្ធភាពក្នុងការពង្រីកកម្មវិធីសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួន ដើម្បីផ្តល់ឱកាសឱ្យមន្ត្រីជំនាញផ្នែកខាងលើ ពង្រឹងនិងពង្រីកសមត្ថភាព។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Kawakita ប្តេជ្ញាថា សាកលវិទ្យាល័យណាហ្គូយ៉ានឹងពិនិត្យ និងខិតខំអស់ពីលទ្ធភាពជួយមន្ត្រីជំនាញរបស់ក្រសួង បង្កើនសមត្ថភាពដើម្បីយកមកជួយអភិវឌ្ឍន៍វិស័យកសិកម្មរបស់ប្រទេសជាតិ៕

ដោយ សេង សុវណ្ណនី(ប្រភពក្រសួងកសិកម្ម)