ឯកឧត្តម​ ស៊ុន​ ចាន់​ថុល ជួបសំណេះសំណាល​ជាមួយ​បេក្ខជន បេក្ខនារីជ័យលាភី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

AKP ភ្នំពេញ ថ្ងៃទី​០២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​​ –ប្រភពពីក្រសួង​សាធារណការ​បាន​ឱ្យដឹងថា​ កាល​ពី​​ថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលជួបសម្តែងការគួរសមពីសំណាក់បេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃរដ្ឋាភិបាលប្រទេសអូស្រ្ដាលី និងនូវែលសេឡង់ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ ជំនួបសម្ដែងការគួរសមនេះធ្វើឡើងដើម្បីទទួលបានអនុសាសន៍ ចំណេះដឹង និងបទពិសោធន៍ល្អៗពីឯកឧត្តមទេសរដ្ឋមន្ត្រី ទាក់ទងទៅនឹងវិស័យផ្សេងៗ ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូន ដែលនឹងក្លាយជាទស្សនទានដ៏មានតម្លៃសម្រាប់ការសិក្សានៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមាន​ប្រសាសន៍​ប្រាប់បេក្ខជន បេក្ខនារីជ័យលាភី អំពីគម្រោងសំខាន់ៗមួយចំនួនដែលក្នុងនោះរួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងបាវិត គម្រោងពង្រីកកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ គម្រោងសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងលើអាកាស(AGT) គម្រោងសិក្សារថភ្លើងក្នុងទីក្រុង(Tramway) គម្រោងដាក់ឱ្យប្រើប្រាស់កម្មវិធី Road Care App នៅមុនដំណាច់ឆ្នាំ២០១៨ និងយុទ្ធនាការជិះកង់ពិនិត្យផ្លូវផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានគូសបញ្ជាក់​អំពីសមិទ្ធផលសម្រេចបានសំខាន់ៗរួមមានការដាក់ឱ្យដំណើរការឡើងវិញនូវផ្លូវដែកពីប៉ោយប៉ែត-ភ្នំពេញក្រោយកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ ការដាក់ឱ្យប្រើប្រាស់កាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នផ្លូវដែកពីភ្នំពេញទៅព្រលានយន្តហោះ ការដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនទីមួយ និងទីពីរ ដើម្បីបង្ខិតសេវាឱ្យកៀកទៅនឹងប្រជាពលរដ្ឋ ដំណើរការប្រព័ន្ធអនឡាញក្នុងការចុះបញ្ជីយានយន្ត និងយានជំនិះ និងការចេញបណ្ណបើកបរដែលមានគុណភាពប្រើប្រាស់ជាប់បានយូរ មាន QR CODE។​

ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងអំពីគម្រោងពង្រីកបណ្ដាញផ្លូវថ្នល់បន្ថែមទៀតពីពីរគន្លងទៅបួនគន្លង ដើម្បីឱ្យ​ស្របទៅនឹងស្ថានភាពនៃការកើនឡើងចំនួនយានយន្តជារៀងរាល់ថ្ងៃ ដែលបណ្ដាលមកពីកំណើនសេដ្ឋកិច្ចក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​បាន​កោតសរសើរដល់បេក្ខជន បេក្ខនារីជ័យលាភីទាំងអស់ ដែលបានប្រឡងជាប់អាហារូបករណ៍នេះ និងបានស្នើឱ្យពួកគេរក្សាអាកប្បកិរិយាវិជ្ជមាននៅពេលទៅសិក្សានៅប្រទេសគេ ហើយបានរម្លឹកឱ្យពួកគេឱ្យធ្វើខ្លួនជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ប្រទេសកម្ពុជាផងដែរ។​

សូមបញ្ជាក់ថា​ បេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍មានចំនួន ២០រូប ជាមន្ត្រីរាជការស្ថាប័នរដ្ឋ និងបុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាល បានប្រឡងជាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សារយៈពេលពីរឆ្នាំ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដែលនឹងត្រូវចេញដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលី និង នូវែលសេឡង់នៅដើមខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ៕

ដោយ ទេស ច័ន្ទសុធារី​