អាជ្ញាធរខេត្តកំពង់ឆ្នាំងធ្វើពិធីបួងសួងសុំកសាងរូបសំណាកនាងកង្រី

AKP កំពង់ឆ្នាំង ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសួននាងកង្រីក្នុងខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តបានរៀបចំធ្វើពិធីបួងសួងម្ចាស់ទឹកម្ចាស់ដី និងដួងវិញ្ញាណនាងកង្រីសុំសាងសង់រូបសំណាកនាងកង្រី និងសួនច្បារតាមដងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការកសាងរូបសំណាកនាងកង្រី និង សួនច្បារតាមដងទន្លេសាបនេះឡើង គឺដើម្បីជាសោភណភាពដល់ទីប្រជុំជនក្នុងការទាក់ទាញភ្ញៀវទេស​ចរជាតិ និង ​​អន្ដរជាតិចូលមកទស្សនា និង ដើម្បីឱ្យស័ក្តិសមជាមជ្ឈមណ្ឌលរដ្ឋបាលរបស់ខេត្តទៀតផង។

ឯកឧត្តមបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងបានសាងសង់រូបសំណាកបានចំនួន​៣រួចហើយ ដោយមានរូបសំណាកយុទ្ធជនដ៏អង់អាចខ្លាហាន ស្ថិតនៅចំផ្លូវជាតិលេខ៥ អមខេត្តកំពង់ឆ្នាំង រូបសំណាកលោកយាយទេព នៅវត្តយាយទេពផ្សារក្រោម កំពង់ឆ្នាំង និងរូបសំណាកក្អមឆ្នាំង នៅព្រំប្រទល់ច្រកចូលខេត្ត ខេត្តក៏បានដាំបង្គោលអមតាមសួនច្បារជួយបង្កើនសោភណភាព និងដើម្បីរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់ទៀតថា ការសាងសង់រូបសំណាក នាងកង្រី គឺដើម្បីរម្លឹកអំពី​ប្រវត្តិរបស់​ខេត្តកាលពីសម័យដើម ឱ្យប្រជាពលរដ្ឋយើងគ្រប់រូបបានដឹង បានស្គាល់ ពិសេសគឺដើម្បីធ្វើឱ្យ​សោភណភាព​របស់ទីក្រុងកំពង់ឆ្នាំង កាន់តែមានសម្រស់ស្រស់បំព្រងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និង ​​អន្ដរជាតិ ចូលមកកម្សាន្ដឱ្យបានកាន់តែច្រើនទ្វេឡើង​ ក៏ដូចជាការចូលរួមចលនាប្រឡងប្រណាំង​ទីក្រុងស្អាតទូទាំងប្រទេសផងដែរ ។

ឯកឧត្តមអភិបាល ខេត្តក៏បានផ្ដាំផ្ញើដល់អ្នកសាងសង់ ត្រូវសាងសង់​ឱ្យបានល្អស្អាត និង រឹងមាំ ហើយអាជ្ញាធរ​ឃុំសង្កាត់ត្រូវចូលរួមសម្អាតទីក្រុងឱ្យបានស្អាត ដើម្បីទាក់ទាញ ភ្ញៀវទេសចរ ព្រោះវិស័យទេសចរណ៍បាននាំចំណូលផ្ទាល់ដល់ប្រជាពលរដ្ឋយើង រួមចំណែកកាត់បន្ថយភាពក្រីក្រ និង បានសំណូមពរដល់ប្រជាពលរដ្ឋយើងឱ្យចូល រួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ​ភូមិ ឃុំមានសុវត្ថិភាព និង គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួននិងថែទាំសុខភាព និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិផ្សេងៗ

ដោយ បៃ ស៊ីថុន