ឯកឧត្ដម ឃួង ស្រេង ដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅចូលរួមកិច្ចប្រជុំ សមាគម AIMF និងធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ –គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានអញ្ជើញចាកចេញពីរាជធានីភ្នំពេញនៅរសៀលថ្ងៃព្រហស្បតិ៍ រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងដំណើរឆ្ពោះទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង និងចូលរួមមហាសន្និបាត លើកទី៣៨ របស់សមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)នៅទីក្រុងលីល ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

 រាជធានីភ្នំពេញគឺជាសមាជិករបស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ហើយឯកឧត្ដមឃួង ស្រេង ក៏នឹងក្លាយជាសមាជិកអចិន្ត្រៃយ៍ របស់សមាគមក្នុងអាណត្តិ ជាអភិបាលរាជធានីភ្នំពេញ ដែលជាទីក្រុងតែមួយគត់នៅអាស៊ី បានក្លាយជាសមជិកអចិន្ត្រៃយ៍របស់AIMF

ក្នុងកិច្ចប្រជុំលើកទី៣៨របស់ AIMF ប្រតិភូរាជធានីភ្នំពេញនឹងចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍទីក្រុង ជាមួយនឹងទីក្រុង២ផ្សេងទៀត គឺទីក្រុងគីហ្គាលី របស់ប្រទេស វ៉ាន់ដា,និងទីក្រុងទុយនីស របស់ប្រទេសទុយនីស៊ី ដែលទីក្រុងទាំង៣ សុទ្ធតែបានឆ្លងកាត់ និងរងនូវអំពើឃោឃៅ កាប់សម្លាប់យ៉ាងរង្គាល ពីរបបនយោបាយប្រល័យពូជសាសន៍ដូចគ្នា។ ចំពោះប្រធានបទដែលត្រូវលើកយកមកដាក់ក្នុងកិច្ចប្រជុំលើកទី៣៨របស់AIMFឆ្នាំនេះ គឺកីឡា និងការអភិវឌ្ឍលើដែនដី នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។

    ក្រៅពីចូលរួមកិច្ចប្រជុំរបស់AIMF ឯកឧត្ដម ឃួង ស្រេង និងគណៈប្រតិភូរួមដំណើរនឹងជួបសំណេះសំណាលជាមួយលោកស្រី អាន អ៊ីដាល់ ហ្គោ(Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានAIMF  នៅក្នុងឱកាសស្នាក់នៅប្រទេសបារាំង ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ នឹងជួបពិភាក្សាការងារ ជាមួយមន្ត្រីក្រសួងការបរទេសបារាំង រួមទាំងធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍ ទីក្រុងប៉ារីស និងទស្សនាសួនបណ្តុះកូនឈើ សម្រាប់ដាំក្នុងទីក្រុងផងដែរ៕

ដោយសួស សំរិត