រដ្ឋមន្រ្តីក្រសួងវប្បធម៌លើកឡើងថា តំបន់បេតិកភណ្ឌ និងកន្លែងកម្សាន្ត គឺធ្វើយ៉ាងណាកុំឱ្យតំបន់បេតិកភណ្ឌក្លាយជាជនរងគ្រោះនៃសន្ទស្សន៍ការអភិវឌ្ឍ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្នុងកិច្ចប្រជុំគណៈកម្មការលើកទី១ នៃគណៈកម្មការអន្តរក្រសួង និងដើម្បីសិក្សារៀបចំផែនការសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ បានបង្ហាញអំពីការវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ជារួម និងខេត្តសៀមរាប ព្រមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការធានាការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព រួមមាន៖ ការពង្រឹងគុណភាពឧស្សហកម្ម ទេសចរណ៍ តាមរយៈការអនុវត្តនូវយុទ្ធនាការ «សេវាមួយ ស្តង់ដាមួយ» ការជំរុញចលនាប្រលងប្រណាំងផ្អែកលើស្តង់ដាអាស៊ាន និង ស្តង់ដាកម្ពុជា ការគ្រប់គ្រងតាមប្រព័ន្ធ Online ការពង្រឹងធនធានមនុស្សក្នុងវិស័យទេសចណ៍តាមរយៈយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» ការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធ Digital ជាដើម។

ចំណែកឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានលើកឡើងពីការអភិវឌ្ឍនៅខេត្តសៀមរាប ក្នុងនោះរួមមានការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ ការរៀបចំប្លង់គោល និង ប្លង់ប្រើប្រាស់ដីក្រុងសៀម ការពង្រឹងគុណភាពចំណីអាហារ និងអនាម័យ ជំរុញការទាក់ទាញវិនិយោគឯកជន ជាពិសេសការវិនិយោគលើផលិតផលទេសចរណ៍ថ្មីៗ។

បើតាមលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ភាពចាំបាច់នៃការធ្វើ Zoning រវាងតំបន់បេតិកភណ្ឌ និងកន្លែងកម្សាន្ត គឺធ្វើយ៉ាងណាកុំឱ្យតំបន់បេតិកភណ្ឌក្លាយជាជនរងគ្រោះនៃសន្ទស្សន៍ការអភិវឌ្ឍ ជាពិសេសលោកជំទាវ គាំទ្រឱ្យមានការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព។

គួរកត់សម្គាល់ថា សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៨នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន.៩សែន នាក់ ក្នុងកំណើន ៨.៤៧% ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៨៣ម៉ឺននាក់៕