ពិធីសម្ពោធតាំងពិព័រណ៍វិស័យសុខភាពសត្វ និងផលិតកម្មសត្វ ខ្នាតអន្តរជាតិលំដាប់លេខ១

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ជិកា ឆ្នាំ២០១៨-នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់តាំងពិព័រណ៍វិស័យសុខភាពសត្វ និងផលិតកម្មសត្វ ខ្នាតអន្តរជាតិលំដាប់លេខ១ ។ ការតាំងពិព័រណ៍នេះ ត្រូវបានសហការរៀបចំនិងឧបត្ថម្ភដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមហ៊ុន AMB-Tarsus Events Group របស់ម៉ាឡេស៊ី។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សមាជិក សមាជិកាដែលបានអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏មានសារៈសំខាន់ដែលមានរយៈពេល០៣ថ្ងៃនាពេលនេះ និងជាពិសេសបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនAMB-Tarsus Events Group ដែលបានផ្តួចផ្តើមគំនិតរៀបចំតាំងពិព័រណ៍ខ្នាតអន្តរជាតិលេខ១ ជាលើកទី៣នៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ ដោយបានអញ្ជើញក្រុមហ៊ុនជាតិ-អន្តរជាតិពាក់ព័ន្ធមកចូលរួមក្នុងពិធីនេះពោរពេញទៅដោយអត្ថន័យយ៉ាងធំធេង និងប្រកបដោយមោទនភាព ពិសេសការដាក់តាំងបង្ហាញនូវផលិតផលផ្សេងៗមកពីប្រទេសម៉ាឡេស៊ី ចិន កូរ៉េ តួគី ឥណ្ឌា និងផលិតផលក្នុងស្រុកជាច្រើនប្រភេទ ហើយក៏ជាឱកាសដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសឱ្យចូលមកទស្សនា និងបណ្តាក់ទុនលើវិស័យកសិកម្ម ពិសេសវិស័យផលិតកម្មសត្វ និងសុខភាពសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

មានប្រសាសន៍ក្នុងពិធីនេះ លោក រីឆាត យាវ អនុប្រធានក្រុមហ៊ុន AMB-Tarsus Events Group ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍នេះ បានសម្តែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនជាតិ និងអន្តរជាតិ ស្ថាប័នពាក់ព័ន្ធទាំងអស់ សហគមន៍កសិកម្ម និងបងប្អូនប្រជាកសិករ ជាពិសេសឯកឧត្តមរដ្ឋមន្រ្តីដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកជាអធិបតីក្នុងពិធីនេះ។ លោកបានបញ្ជាក់បន្ថែមថានេះ ជាឱកាសសម្រាប់អ្នកជំនាញផ្នែកឧស្សាហកម្មចិញ្ចឹមសត្វ ផលិតចំណីសត្វ ក្នុងការធ្វើទំនាក់ទំនង ដកស្រង់បទពិសោធន៍លើការងារបច្ចេកទេស និងឱកាសផ្សេងៗដែលទាក់ទងនឹងការធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ត្រូវលើកកម្ពស់សុខុមាលភាពសត្វ ធានាសុខភាពសាធារណៈ តាមរយៈការអនុវត្តផលិតកម្មសត្វល្អ (Good Animal Husbandry Practices, GAHP)។ ដូច្នេះត្រូវសហការជាមួយអង្គភាព ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងស្ថាប័នស្រាវជ្រាវធ្វើការសិក្សាឱ្យបានល្អិតល្អន់នូវចំណីសត្វ ថ្នាំព្យាបាល និងថ្នាំការពារ ឬផលិតផលផ្សេងៗដើម្បីធានាប្រសិទ្ធភាព និងកាត់បន្ថយហានភ័យដល់សុខភាពសត្វ និងមនុស្សឱ្យបានជាអប្បបរមា។ 

ជាកិច្ចបញ្ចប់ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ការជឿទុកចិត្តយ៉ាងមុតមាំថា ក្រសួងនឹងបន្តកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតជាមួយវិស័យឯកជនក្នុងការធានាពង្រឹងភាពជាដៃគូ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីបង្កើននូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគទុនលើវិស័យផលិតកម្មសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថា ការតាំងពិព័រណ៍ក្នុងរយៈពេលបីថ្ងៃនេះ នឹងទទួលបាននូវផ្លែផ្កា តាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ល្អៗ និងមានការវិនិយោគបន្ថែមទៀតលើវិស័យនេះនាពេល      អនាគត៕

ដោយសេងសុវណ្ណនី(ប្រភពក្រសួងកសិកម្ម)