កម្ពុជាគ្រោងបញ្ជូនរូបសំណាកព្រះបរមរតនកោដ្ឋទៅដាក់តាំងនៅប្រទេសរ៉ូម៉ានីនាពេលខាងមុខនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រាជរដ្ឋាភិបាលកម្ពុជា គ្រោងបញ្ជូនរូបសំណាកព្រះបរមរតនកោដ្ឋទៅដាក់តាំងនៅទីលានហ្វ្រង់កូហ្វូនី នៅទីក្រុងប៊ុយការ៉េស នៅប្រទេសរ៉ូម៉ានី នាពេលខាងមុខនេះ ដើម្បីឧទ្ទិសដល់ស្ថាបនិក អង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ ក៏ដូចជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងរ៉ូម៉ានី។

រូបសំណាកព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងយកទៅដាក់តាំងនៅក្រៅប្រទេសនេះ មានទំហំទទឹងកន្លះម៉ែត្រ និងកម្ពស់កន្លះម៉ែត្រ។ នេះបើយោងតាមឯកសារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបង្ហាញដល់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១ ខែវិច្ឆិកានេះ។

មន្ត្រីក្រសួងវប្បធម៌ បានឱ្យដឹងថា ការបញ្ជូនរូបសំណាកព្រះបាទនរោត្តមសីហនុព្រះបរមរតនកោដ្ឋ ទៅដាក់តាំងបង្ហាញនៅប្រទេសរ៉ូម៉ានីនេះ គឺធ្វើឡើងតាមសំណើរបស់រដ្ឋាភិបាលរ៉ូម៉ានី ដែលបានសុំការអនុញ្ញាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីឆ្នាំ២០១៧។

ប្រភពបានឱ្យដឹងទៀតថា ទីលានហ្វ្រង់កូហ្វូនីនៅទីក្រុងប៊ុយការ៉េស ក្រៅពីការតាំងរូបសំណាកព្រះបាទ បរមរតនកោដ្ឋ ក៏នឹងមានការដាក់តាំងរូបសំណាកស្ថាបនិកអង្គការហ្វ្រង់កូហ្វូនី អន្តរជាតិចំនួន២រូបផ្សេងទៀតរួមមាន៖ ឯកឧត្តម lebpod sedar sengher អតីតប្រធានាធិបតីសេណេហ្គាល់ និងឯកឧត្តម Habib bourguiba អតីតប្រធានាធិបតីទុយណេស៊ី។ បច្ចុប្បន្ននេះរូបសំណាក់អតីតប្រធានាធិបតីសេនីហ្គាល់ ត្រូវបានដាក់តាំងរួចរាល់ហើយ។