អភិបាលខេត្តព្រះសីហនុ ដឹកនាំ​មន្ត្រីរាជការ​ដាំ​កូន​ឈើ ដើម្បី​ស្តារ​គម្រប​ព្រៃ​ឈើឡើង​វិញ​

AKP ​ព្រះសីហនុ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ ឯកឧត្តម​ យន្ត​ មីន​ អភិបាល នៃ គណអភិបាលខេត្តព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​រាជការ​ កងកម្លាំងប្រដាប់អាវុធ ដាំកូនឈើចំនួន ៥.០០២ដើម លើផ្ទៃដី ៥ហិកតា ដើម្បី​ស្តារ​គម្របព្រៃឈើឡើងវិញ រក្សា​ប្រភព​ទឹក​​នៅ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​ ស្ថិត​នៅ​ឃុំ​បិតត្រាំ​ង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្ដម​ យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រភព​ទឹក​សាបក្បាលឆាយមាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ទ្រទ្រង់​ដល់ជីវិត​មនុស្ស​ សត្វ​​ រុក្ខជាតិ និងសម្រាប់ប្រើប្រាស់ជាផលប្រយោជន៍បានច្រើនយ៉ាងទៀត  ដូច​នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​ការពារ​ ថែរក្សាគម្របព្រៃឈើ ចូលរួមដាំកូន​ឈើឡើងវិញ ដើម្បី​រក្សា​ប្រភព​ទឹក​ នៅ​ក្នុង​តំបន់ក្បាល​ឆាយ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈទៅថ្ងៃអនាគត ដូច្នេះអាជ្ញាធរ​ និង​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មាន​តួនាទី​ ភារកិច្ចការពារ​ ថែរក្សា​ ទ្រព្យ​សម្បត្តិ​ដី​ធ្លី​របស់​រដ្ឋ​ មិន​ត្រូវ​ឱ្យ​ជន​ណា​មួយ​ ក្រុម​ណា​មួយ​មកទន្ទ្រានយកដីធ្លីរបស់រដ្ឋ។  

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមថែរក្សា ការពារព្រៃឈើ ការដាំដុះព្រៃឈើឡើងវិញ ទាំងឈើហូបផ្លែនៅតាមលំនៅឋាន វត្តអារាម ទីធ្លាសាធារណជាដើមឱ្យបានកាន់តែ ច្រើនបន្ថែមទៀត ព្រោះព្រៃឈើនាំ មកនូវរបាំងការពារខ្យល់ កាត់បន្ថយគ្រោះទឹកជំនន់ រក្សាបាននូវបរិស្ថានបៃតងសម្រាប់ជីវិតមនុស្ស និងសត្វគ្រប់ប្រភេទ។

តាមការឱ្យដឹងពីលោកប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បាន​ឱ្យដឹង​ថា ដីបម្រុងទុក សម្រាប់គម្របព្រៃឈើ រក្សា​ប្រភព​ទឹក​នៅ​ក្នុង​តំបន់​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​ មាន​ផ្ទៃដីទំហំ​ ៥.២២០​ហិកតា ស្ថិតនៅ​ចន្លោះ​ព្រំប្រទល់​ក្រុង ស្រុកទាំង៣ ក្នុងនោះមានក្រុង​ព្រះសីហនុ​ ស្រុក​ស្ទឹងហាវ​ និង​ស្រុក​ព្រៃនប់​៕

ដោយ ងូ សុមុនី