លើកកម្ពស់ការយល់ដឹងដល់និស្សិតនៅតាមសាកលវិទ្យាល័យនានាឱ្យ ចូលរួមអនុវត្តន៍បរិស្ថានគ្មានផ្សែងបារី ដើម្បីការពារសុខភាពអ្នក

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –តាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ដេប៉ាតឺម៉ង់ចិត្តវិទ្យា សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញបានបង្ហាញថា ថ្នាំជក់គឺ ជាផលិតផលតែមួយគត់ ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្លាប់ មុនអាយុកំណត់។ ក្នុង១ឆ្នាំៗថ្នាំជក់ធ្វើឱ្យមនុស្ស ៨លាននាក់ស្លាប់ នៅលើពិភពលោក និងជិត១ម៉ឺននាក់នៅកម្ពុជា។

ក្នុងបំណង់កាត់បន្ថយផលប៉ះពាល់គ្រោះថ្នាក់ដល់សុខភាព ពីការប្រើប្រាស់ផលិត ផលថ្នាំជក់បារីនេះ អង្គ​ការចលនាដើម្បីសុខភាពកម្ពុជា ហៅកាត់ថា CMH និងស្ថាប័នពាក់ ព័ន្ធខាងសុខភាព បានរៀបចំកម្មវិធីប្រកួតប្រជែងការអនុវត្តបរិស្ថាន គ្មានផ្សែងបារី ក្នុងគោល បំណងបំផុសយុវជនឱ្យឈ្វេងយល់ពីអនុក្រឹត្យ ស្តីពីការប្រើប្រាស់ និងការគ្រប់គ្រង ផលិតផលថ្នាំជក់ ជាពិសេសពីផលប៉ះពាល់ពីផ្សែងបារី ដល់សុខភាពសាធារណៈ

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឱ្យដឹងក្នុងកម្មវិធីប្រកួតនិយា​យ​ជាសាធារណៈលើប្រធានបទ «ការអនុវត្តបរិស្ថានគ្មាន ផ្សែងបារី» នៅមជ្ឈមណ្ឌលសហប្រតិ​បត្តិ​ការកម្ពុជា-កូរ៉េ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះថា ការប្រកួតនិយា​យ​ជាសាធារណៈលើប្រធានបទ «ការអនុវត្តបរិស្ថានគ្មានផ្សែងបារី» គឺមានបីដំណាក់កាល ក្នុងនោះដំណាក់កាលទី១-បេក្ខជន ដែលចូលរួមត្រូវសរសេរអត្ថបទ ទាក់ទងផលប៉ពាល់ការប្រើប្រាស់ថ្នាំជក់នេះមកម្មវិធី សម្រាប់ដាក់ផ្សព្វផ្សាយឱ្យ មហាជនចាប់អារម្មណ៍។ បន្ទាប់មកម្មវិធីជ្រើសរើសយកអត្ថបទល្អចំនួន ១០នាក់ ដើម្បីឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ តម្រូវជ្រើសរើសយក ៥នាក់ ដើម្បីឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ ចំពោះវគ្គប្រកួតផ្តាច់ព្រ័ត្រនេះ កម្មវិធីយើងបានរកឃើញបេក្ខជនចំនួន៣រូបទទួលជ័យលាភី។ បេក្ខជនជ័យលាភីលេខ១ បានទៅយុវជនមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ទទួលបានថវិកា ២លានរៀល និងពាន១  ជ័យលាភីលេខ២ បានទៅយុវជនមកពី សាលកវិទ្យល័យកម្ពុជា ទទួលបានថវិកា ១លានរៀល និងពាន១ និងជ័យលាភីលេខ៣ បានទៅយុវជនមកពីសាកលវិទ្យាល័យកសិកម្មចំការដូងទទួលបានថវិកា ១លានរៀល ពាន១។ ចំណែកបេក្ខ​ជន​មិនបានទទួលជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងនេះ ក៏ទទួលបានវិញ្ញាបនបត្រលើកទឹកចិត្តពីគណៈកម្មការផងដែរ​។

ទាក់ទងនឹងការប្រកួតប្រជែងនិយាយជាសាធារណៈលើប្រធានបទ«បរិស្ថានគ្មានផ្សែងបារី»នេះ លោកវេជ្ជបណ្ឌិត មុំ គង់ បានលើកឡើងថា គឺធ្វើឡើងដើម្បីផ្តល់ឱកាសដល់ និស្សិតនៅតាមមហាវិទ្យាល័យនានា បានចូលរួមប្រកួតនិយាយជាសាធារណៈ លើការអនុវត្តបរិស្ថានគ្មានផ្សែងបារី ដើម្បីបំផុសយុវជនផ្សេងទៀតឱ្យស្វែងយល់ពីបរិស្ថាន គ្មានផ្សែងបារីសម្រាប់សុខភាពទាំងអស់គ្នាជាពិសេសឈ្វេងយល់ស្ដីពីការហាម ប្រាមការជក់បារី និងប្រើប្រាស់ផលិតផលថ្នាំជក់ ដែលធ្វើឱ្យប៉ះពាល់សុខភាពសាធារណៈ។

លោកបន្តថា កម្មវិធីប្រកួតនេះមានសារៈសំខាន់ណាស់ ព្រោះបន្ទាប់ក្រុមនិស្សិត បានឈ្វេយល់ពីច្បាប់ ពីការអនុវត្តបរិស្ថានគ្មានផ្សែងបារី ពួកគេនឹងបញ្រ្ជាបការយល់ដឹងពី ផលប៉ះពាល់ពីការជក់បារីដល់សុខភាពមនុស្សនេះ ទៅដល់ស្រទាបយុវជនជំនាន់ ក្រោយៗទៀត ឱ្យពួកគេកែប្រែទម្លាប់ពីការជក់បារីនាំឱ្យខូចសុខភាពនេះ

លោកបញ្ជាក់ថា បរិស្ថានគ្មានផ្សែងបារីពិតជាកាត់បន្ថយបានប្រសើរជាមិនខាននៅ ពេលដែលយុវជនមានការយល់ដឹងច្រើនឡើងៗ ពីផលប៉ះពាល់នៃការជក់បារីដល់ សុខភាពនោះ

ដោយ ប៉ាល់ សុង