ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី បទដ្ឋានបច្ចេកទេស ក្នុងការផលិតស្រាសអង្ករ និងផលប៉ះពាល់ ដល់អ្នកផលិតនៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –អ្នកពាក់ព័ន្ធ និងអ្នកផលិតស្រាសអង្ករនៅតាមបណ្តាភូមិ ឃុំ ទូទាំងខេត្តក្រចេះ ្រមាណ៧៦១​កន្លែង បានមកទទួលយកចំណេះដឹងថ្មីៗពីវគ្គបណ្តុះបណ្តាលស្តីពីបទដ្ឋាន បច្ចេកទេសក្នុងការផលិតស្រាសអង្ករ​​ និងផលប៉ះពាល់របស់វា ដែលបានធ្វើឡើងន ខេត្តក្រចេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។                                    

វគ្គសិក្សានេះធ្វើឡើងរយៈពេលពេញមួយ ថ្ងៃក្រោមអធិបតីភាព លោក ណ្ឌ ចំណាន អភិបាលរងខេត្ត និងលោក អ៊ិន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋានស្តង់ដារកម្ពុជា ក្រសួងឧស្សហកម្ម និងសិប្បកម្ម និងមានការចូលរួម ពីសមត្ថកិច្ចពាក់ព័ន្ធ ក្រុមអ្នកផលិតស្រាសអង្ករ ទាំងអស់ក្នុងខេត្តក្រចេះ។

       លោក ណ្ឌ ចំណាន មានប្រសាសន៍ បញ្ជាក់ពីគោលបំណង់នៃការបើក វគ្គបណ្តុះ បណ្តាលថ្ងៃនេះ គឺយើងចង់ឱ្យអ្នកផលិតស្រាសអង្ករទាំងអស់និងអាជីវករទទួល បានចំណេះដឹងអំពីបទដ្ឋានបច្ចេទេសក្នុងការផលិតស្រាសអង្ករ និងផលប៉ះពាល់របស់វា ចំពោះសុវត្ថិភាព សុខ ភាពអ្នកប្រើប្រាស់ និងបានយល់អំពីអត្ថប្រយោជន៍ការបិទស្លាក ផលិតផលឱ្យបានត្រឹមត្រូវ ដើម្បីផលិតផលរបស់ លោកអ្នកធានាបាននូវ សុវត្ថិភាពសម្រាប់អ្នកទទួលទាន ឬអ្នកប្រើប្រាស់។

លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនាពេលនេះគឺជា ផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឱ្យផលិតផលក្នុងស្រុករបស់យើង អនុលោមតាមស្តង់ដារ កម្ពុជា និងស្តងដារអន្តជាតិ ធានានូវគុណភាពនិងសុវត្ថិ ភាព ដើម្បីរួមចំណែកក្នុងការការពារ សុខុមាល ភាព សុខភាពសាធារណ:និងសង្គមជាតិទាំងមូល។

      លោក អ៊ិន សំបូរ អគ្គនាយករងអគ្គនាយកដ្ឋានស្តង់ដារកម្ពុជា ក្រសួងឧស្សាហ កម្មនិងសិប្បកម្ម បានធ្វើបទបង្ហាញ់ពីសារ:សំខាន់នៃការផលិតស្រាស ដល់អ្នកចូលរួម និងបានសំណូមពរឱ្យអ្នកផលិតទាំងអស់ត្រូវផលិតប្រកបដោយការទទួលខុសត្រូវ មានអនាម័យ និងមានគុណភាពខ្ពស់ ដោយគិតពី សុវត្ថិភាព ធានាថា គ្មានការលាយសារធាតុអេតាណុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

      គួររម្លឹកផងដែរថា នៅក្នុងខេត្តក្រចេះកន្លងមក មានករណីពុលស្រាស ដែលផលិតដោយ អង្ករចំនួន៣លើកមកហើយ គឺនៅក្នុងស្រុកស្នួល ស្រុកសំបូរ និងស្រុកចិត្របុរី ដែលបានសម្លាប់មនុស្សអស់ចំនួន១៨នាក់ និងរាប់រយនាក់ផ្សេងទៀតត្រូវបាន សង្រ្គោះនៅមន្ទីរពេទ្យទាន់ពេលវេលា៕  

ដោយ ជួន សុជាតិ