ក្រសួងបរិស្ថាន និងក្លិប KARA សហការរៀបចំកីឡាយានយន្ត Khmer Rally Raid ដើម្បីអភិរក្សធនធានធម្មជាតិ និងបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រសួងបរិស្ថានសហការជាមួយ ក្លិKARA គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជាបានរៀបព្រឹត្តការណ៍ ប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្ស Khmer Rally Raid ២០១៨ ក្នុងគោលបំណងធំៗចំនួន៤ ក្រោមប្រធានបទ រួមគ្នាដើម្បីការពារ និងអភិរក្ស ធនធានធម្មជាតិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៨ ឯកឧត្តមបញ្ជាក ថា គោលបំណងទាំង៤នេះ រួមមាន៖ ទី១.ចូលរួមអភិរក្សជីវចម្រុះ និងសត្វព្រៃគ្រប់ ប្រភេទ។ ទី២. ចូលរួមអនុវត្តន៍ច្បាប់ក៏ដូចជាការការពារធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។  ទី៣. ចង់បង្ហាញធម្មភាពដ៏ស្រស់ត្រកាលរបស់កម្ពុជា ជាពិសេសនៅតាមតំបន់អភិរក្ស និងតំបន់ការ ពារធម្មជាតិ និងទី៤ គឺចង់ង្ហាញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ទាំងអស់។

ជាមួយគ្នានេះ នៅក្នុងប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិ និងរបៀងច្រកអភិរក្ស ធនធានជីវចម្រុះមានផ្ទៃដីប្រមាណជា៧.លានហិតា ដែលត្រូវអភិរក្ស ដូច្នេះហើយការ សហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា និងក្លិប kara នាពេលនេះ គឺជំរុញឱ្យមានការ បង្ហាញនូវភាពសម្បូរបែបធនធានធម្មជាតិ ជាពិសេសការលើកស្ទួយការអភិរក្ស និងជំរុញឱ្យ ប្រជាពលរដ្ឋបែរពីការប្រកបរបរបាញ់សត្វ កាប់ឈើ មកចូលរួមការពារធនធានធម្មជាតិ និង រកចំណូលពីវាត្រឡប់មកវិញ តាមរយៈនាំភ្ញៀវទេសចរវិញ។

លោក ហូ សិទ្ធិគុណ តំណាងក្លិប KARA កម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំង រថយន្តឆ្លងកាត់ឧបសគ្គ ដែលប្រសិទ្ធនាមថា Khmer Rally Raid ជាលើកទី២ ឆ្នាំ២០១៨ បានជ្រើសរើសយកខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តកំពត ដើម្បីប្រណាំង និងបង្ហាញពីសក្តានុពលតំបន់អភិរក្សធនធានធម្មជាតិ ជីវចម្រុះ និងអេកូទេសចរណ៍របស់កម្ពុជា។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយចេញ ដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពត និងត្រឡប់បញ្ចប់នៅថ្ងៃទី៤ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ដោយមានម៉ូតូ១៦គ្រឿង និងរថយន្តប្រភេទ RALLY ៩គ្រឿងចូលរួម និងមានកីឡាករ៨០នាក់ មកពី៥ប្រទេស ដូចជា ថៃ អូស្ត្រាលី ណូវែលសេឡង់ វែល និងស្កត់លែន រួមទាំងម្ចាស់ផ្ទះកម្ពុជា។ ការប្រកួតមានចម្ងាយផ្លូវប្រណាំងសរុប ជិត៦០០គីឡូម៉ែត ដោយប្រណាំងឆ្លងកាត់ឧបសគ្គតាមជើងភ្នំ កាត់តាមចម្ការ និងព្រៃ រួចមកបញ្ចប់នៅទីក្រុង ភ្នំពេញវិញ។

លោក ហូ សិទ្ធិគុណ បានបញ្ជាក់ថា ការផ្លាស់ប្តូរគោលដៅប្រណាំងពីតំបន់ឦសាន្តមក ប៉ែកនិរតីប្រទេស គឺចង់បង្ហាញពីសក្តានុពលទេសចរណ៍ របស់កម្ពុជាពីតំបន់មួយទៅ តំបន់មួយទៀត ក្នុងន័យផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ពីធនធានធម្មជាតិព្រៃឈើមកតំបន់ ឆ្នេរដែលទាក់ទាញ និងស្រស់ស្អាតជាងគេនៅលើពិភពលោក  ដែលប្រសិទ្ធនាមឱ្យថា តារារះនាទិសនារតី ជាមួយគ្នានេះក៏ចង់ផ្លាស់ប្តូរបរិយាកាស និងបទពិសោធន៍ផ្លូវប្រណាំង ខេត្តផ្សេងៗ គ្នាផងដែរ៕

ដោយ ហេង ណាលីន