ក្រសួងសាធារណការ នឹងចាប់ផ្ដើមស្ថាបនា កែលម្អ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ នាដើមឆ្នាំ២០១៩ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ផ្លូវជាតិលេខ១ និងផ្លូវជាតិ លេខ៦ នឹងត្រូវស្ថាបនា កែលម្អ និងលើកកម្ពស់គុណភាពផ្លូវ ចាប់ពីដើមឆ្នាំ២០១៩ខាងមុខ ដើម្បីធានាការប្រើប្រាស់បានជាប់យូរអង្វែង។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International (KCI) កាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាន ទទួលកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនូវទឹកប្រាក់ចំនួន៧០ លានដុល្លារ សម្រាប់គម្រោងកែលម្អបណ្ដាញផ្លូវថ្នល់ ដើម្បីធ្វើការលើកកម្រិត និងថែទាំផ្លូវ ជាតិលេខ១ ពីអ្នកលឿង ដល់បាវិត និងផ្លូវជាតិលេខ៦ ពីក្រុងសៀមរាប ដល់ក្រឡាញ់ ដែល មានប្រវែងសរុបចំនួន១៤៥.៥៨គីឡូម៉ែត្រ។ ឯកឧត្តមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ថា ការកសាងផ្លូវទាំងពីរនេះ កាលពីមុនរាជរដ្ឋាភិបាលបានកសាងដោយចាក់កៅស៊ូប្រភេទ DBST គឺអ៊ុតកៅស៊ូមានកម្រាស់ ស្ដើង ដោយសារតែកម្ពុជាមិនទាន់មានថវិកាគ្រប់គ្រាន់ក្នុងការកសាងផ្លូវឱ្យបានរឹងមាំ។ ប៉ុន្ដែ បច្ចុប្បន្ននេះ ដោយសារតែសេដ្ឋកិច្ចមានការរីកចម្រើន និងការដឹកជញ្ជូនក៏មានការកើនឡើងផងនោះ ទើបរាជរដ្ឋាភិបាលចាប់ផ្ដើមលើកកម្រិតផ្លូវពីការក្រាលកៅស៊ូប្រភេទ DBST ទៅជា ការចាក់អ៊ុតបេតុងកៅស៊ូ AC ដើម្បីធានាការប្រើប្រាស់ជាប់បានយូរ។

ឯកឧត្តមបានលើកឡើងថា គម្រោងនេះ ក៏មានការស្ថាបនាមន្ទីរពិសោធន៍ចំនួន៤កន្លែង នៅក្នុងខេត្ដក្រចេះ កំពត សៀមរាប និងខេត្ដពោធិ៍សាត់ ដើម្បីបង្កលក្ខណៈឱ្យក្រសួង សាធារណការ និងដឹកជញ្ជូនធ្វើការត្រួតពិនិត្យបច្ចេកទេស ការស្ថាបនាផ្លូវថ្នល់ ឱ្យកាន់តែមានគុណភាពរឹងមាំបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវនេះ ត្រូវពិនិត្យការសាងសង់ឱ្យបានត្រឹមត្រូវ ស្របតាមស្ដង់ដារបច្ចេកទេស ដើម្បីធានាគុណ ភាពប្រើប្រាស់ជាប់បានយូរ។

លោក ស៊ូ ដុង ផាក(Soo Dong Park) ប្រធានក្រុមហ៊ុន Korea Consultants International នៃប្រទេសកូរ៉េដែលទទួលបានការត្រួតពិនិត្យ និងជាទីប្រឹក្សាបច្ចេកទេសក្នុងការស្ថាបនា គម្រោងទាំងពីរនេះ បានឱ្យដឹងថា ក្រុមហ៊ុននឹងគោរពទៅតាមកិច្ចព្រមព្រៀងនេះ ហើយក្រុម​ជំនាញបន្ដខិតខំពិនិត្យតាមលក្ខណៈបច្ចេកទេសក្នុងការសាងសង់តាមរយៈឧបករណ៍ សម្ភារ របស់ក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់ ដើម្បីធានាគុណភាពស្របតាមស្ដង់ដារ។

សូមបញ្ជាក់ថា គម្រោងស្ថាបនាកំណាត់ផ្លូវជាតិទាំងពីរនេះ នឹងធ្វើការលើកកម្រិតផ្លូវពី កម្រាល កៅស៊ីDBST បច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC និងធ្វើការស្ថាបនាលូងខាងផ្លូវ ដើម្បី រំដោះទឹកភ្លៀងចេញ។ កំណាត់ផ្លូវទាំងពីរនេះ ក៏នឹងធ្វើការលើកកម្រិតដោយការងារស្ថាបនាក្រាលកៅស៊ូ AC រយៈពេល១៨ខែ ហើយបន្ដថែទាំរយៈពេល៣៦ខែ ដែលនឹងចាប់ផ្ដើមការដ្ឋាន ពីខែមករា ឆ្នាំ២០១៩ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕

ដោយ អ៊ុន រិទ្ធី