មន្រ្តីជាន់ខ្ពស់នគរបាលជាតិព្រមានចាត់វិធានការចំពោះក្រុមហ៊ុនសន្តិសុខដែលបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ បានព្រមានចាត់ វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនសន្ដិសុខណាដែលនៅតែគឃ្លើនលួចបើក អាជីវកម្មប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវតាមច្បាប់កំណត់។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខ ឯកជន បានគូសបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថានណា ដែលគ្មានច្បាប់អនុញ្ញាតនៅតែបន្ដធ្វើសកម្មភាពជ្រើសរើស ប្រមូលផ្ដុំកម្លាំងដោយខុសច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ តាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣។ ការលើកឡើងបែបនេះ បានធ្វើក្នុង ពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៨ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដែលមានសិក្ខាកាមជិត២០០នាក់ចូលរួម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានអះអាងថា យោងតាមអនុក្រឹត្យខាងលើ នឹងត្រូវផាក ពិន័យជាប្រាក់ចំនួន២០លានរៀល ចំពោះក្រុមហ៊ុនសន្ដិសុខឯកជនដែលមិនបានសុំអនុញ្ញាត ច្បាប់ពីក្រសួងមហាផ្ទៃ និងពិន័យជាប្រាក់១០លានរៀល ចំពោះសហគ្រាសគ្រឹះស្ថានណា ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ពុំបានសុំអនុញ្ញាតច្បាប់ពីសាលារាជធានី-ខេត្ត រួចក សាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានណែនាំទៅកាន់ក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវាកម្ម និងសហគ្រាស គ្រឹះស្ថាន ត្រូវចាត់បញ្ជូនភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាល តាម ការស្នើសុំរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ស្របតាមអនុក្រឹត្យ ដែលភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ ត្រូវតែបានទទួលការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាល ជាតិ ៕

ដោយ ចាន់ សុធីវង្ស