អគ្គស្នងការដ្ឋាននគរបាលជាតិ៖ គ្រោះថ្នាក់ចរាចរក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ មានការធ្លាក់ចុះ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ –មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បាន លើកឡើងថា គ្រោះថ្នាក់ចរាចរផ្លូវគោកក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ ត្រូវបានកាត់ បន្ថយ បានចំនួន៣៥៣លើក ស្មើនឹង១៣ភាគរយ កាត់បន្ថយចំនួនអ្នកស្លាប់ចំនួន៤៤នាក់ ស្មើ​នឹងភាគរយ និងកាត់បន្ថយអ្នករបួស៧៩៥នាក់ ស្មើនឹង១៩ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការកាត់ បន្ថយចំនួនគ្រោះថ្នាក់ចរាចរ ចំនួនអ្នកស្លាប់ និងរងរបួសនេះ គឺកើតឡើងពីកិច្ចខិតខប្រឹងប្រែង របស់សមត្ថកិច្ចពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងក្នុងការពង្រឹង ការអនុវត្តច្បាប់ និងការផ្សព្វ ផ្សាយអំពីច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដើម្បីឱ្យពួក គាត់ចូលរួមអនុវត្តន៍ច្បាប់ ឱ្យ បានគ្រប់គ្នា។ ការអះអាងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រីមាស ទី៣ ឆ្នាំ២០១៨ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយ មានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងស្នងការរង ទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍រាជធានី ខេត្តផងដែរ

បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្ថែមថា គ្រោះថ្នាក់ចរាចរ នៅតែជាបញ្ហាប្រឈមយូរអង្វែងដែលមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃ ច្រើនជាងគ្រោះ ថ្នាក់សង្គមផ្សេងទៀត និងមានផលប៉ះពាល់អវិជ្ជមានដល់សង្គមដែលត្រូវ យកចិត្តទុកដាក់ គ្រប់ពេលវេលា ក្នុងការចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។

ឯកឧត្ដម នាយឧត្តមសេនីយ៍បានជំរុញដល់ភាគីពាក់ព័ន្ធ ត្រូវខិតខំអនុវត្តន៍ឱ្យបាន ជោគជ័យនូវផែនការសកម្មភាពរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែល ផ្តោតលើការអប់រំផ្សព្វផ្សាយច្បាប់ ការរឹតបន្តឹងច្បាប់ ការសង្រ្គោះជនរងគ្រោះ ការកែលម្អ និងថែទាំងផ្លូវថ្នល់ ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងបានរៀបចំសេចក្តីព្រាងផែនការសកម្មភាពស្តីពីការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ ក្នុងគោលបំណង បង្កើនប្រសិទ្ធភាពថែមទៀតនៃការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះ ថ្នាក់ឱ្យបានជាអតិបរមា ក្នុងស្ថានភាពដែលមធ្យោបាយយានយន្ត និងប្រជាពលរដ្ឋមាន កំណើនជាលំដាប់៕

ដោយ ចាន់ សុធីវង្ស