ស្ថានទូតជប៉ុន សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាព យន្តជប៉ុនប្រចាំឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ និងខេត្ដសៀមរាប

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨​ –មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន នឹងរៀបចំមហោស្រពភាពយន្ត ជប៉ុនប្រចាំឆ្នាំ២០១៨ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្តMajor Cineplex AEON 1 និងរោងភាពយន្ត Legend សាខាទួគោក នៅរាជធានីភ្នំពេញ។ ការដាក់ បញ្ចាំងនេះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្ត Major Cineplex ខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ភាពយន្តជាច្រើនប្រភេទក្នុងមហោស្រពនេះ ដែល ត្រូវបានសម្រិតសម្រាំងសម្រាប់ការដាក់បញ្ចាំងនៅរោងភាពយន្តល្បីៗ ដែលបានបញ្ជាក់ជូន ខាងលើ។ ភាពយន្តទាំងនោះរួមមាន ភាពយន្តបែបមនោសញ្ចេតនា ស្រមើស្រមៃ អាថ៌កំបាំង ភាពយន្តប្រឌិតបែបបច្ចេកវិទ្យា ភាពយន្តគំនូរជីវចល ភាពយន្តបែបរន្ធត់ និងកំប្លែងជាដើម ហើយក្នុងនោះក៏មានខ្សែភាពយន្តខ្លះធ្លាប់ទទួលបានពានរង្វាន់ផងដែរ។ ទន្ទឹមនេះ ភាពយន្ត ដែលនឹងត្រូវចាក់បញ្ចាំងនេះ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ ជប៉ុន ហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនាអាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុនផងដែរ។  

ក្នុងសេចក្ដីប្រកាសបានបន្ថែមថា សម្រាប់ឆ្នាំនេះ ភាពយន្តជប៉ុនចំនួន១១រឿង នឹងត្រូវ បានចាក់បញ្ចាំងជាមួយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយការចូលរួមគឺ ដោយសេរី និងមិនគិតថ្លៃ។

សូមបញ្ជាក់ថា មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ តាំងពីឆ្នាំ២០១៥មក រួមគ្នាជាមួយការផ្លាស់ប្តូររវាងផលិតករភាពយន្តកម្ពុជា និងជប៉ុន។ កំឡុងមហោស្រពឆ្នាំនេះ មូលនិធិជប៉ុនបានអញ្ជើញ លោក Koji ICHIHASHI ដែលជាផលិត ករភាពយន្តបែបរន្ធត់ និងកំប្លែង ក្រោមចំណងជើង «​One Cut of the Dead» ចូលរួម និងរៀប ចំសិក្ខាសាលាសម្រាប់ផលិតករភាពយន្ត ព្រមទាំងចាក់បញ្ចាំងភាពយន្ត ជាលក្ខណៈពិសេស ដោយមានវគ្គសំណួរចម្លើយជាមួយនឹងផលិតករក្រោយការចាក់បញ្ចាំងផងដែរ៕

ដោយ អ៊ុន រិទ្ធី