ក្រុមហ៊ុនកៅស៊ូវៀតណាម បង្ហាញជំហររឹងមាំក្នុងការអនុវត្តតាមច្បាប់ការងាររបស់កម្ពុជាពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្លាំងពលកម្ម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖

ក្រុមហ៊ុនកៅស៊ូវៀតណាម(VRG)បានបង្ហាញជំហរឹងមាំក្នុងការអនុវត្តទៅតាមច្បាប់ការងាររបស់កម្ពុជាពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្ម និងលក្ខខណ្ឌការងារ ដើម្បីធានាឧត្តមប្រយោជន៍របស់កម្មករ។

លោក Truong Minh Trung អគ្គនាយករងក្រុមហ៊ុនកៅស៊ូវៀតណាម(VRG)បានថ្លែងដូច្នេះ ក្នុងឱកាស ដឹកនាំគណៈប្រតិភូនៃសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមចូលជួបសម្តែងការគួរសមជាមួយឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា នៅទីស្ដីការក្រសួង បន្ទាប់ពីពួកគេព្រួយបារម្ភអំពីបញ្ហាការអនុវត្តច្បាប់ថ្មីនៅកម្ពុជា។

ក្រោយបញ្ចប់ជំនួននោះឯកឧត្ដម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ក្នុងជំនួបឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានពន្យល់ដល់គណៈប្រតិភូអំពីទិដ្ឋភាពច្បាប់ និងបទដ្ឋានគតិយុត្តចាំបាច់មួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងពលកម្ម និងលក្ខខណ្ឌការងារដើម្បីអោយស្របតាមច្បាប់ស្តីពីការងារកម្ពុជា។ ការពន្យល់ពីទិដ្ឋភាពច្បាប់នេះបន្ទាប់ពីរាជរដ្ឋាភិបាលបានកែប្រែច្បាប់ខ្លះតាមការអនុលោមតាមទិដ្ឋភាពជាក់ស្ដែងនៅកម្ពុជា ដើម្បីអោយកម្មករទទួលបានផលប្រយោជន៍ និងការការពារ ការថែទាំកាន់តែខ្ពស់។

លោក TRUONG MINH TRUNG អគ្គនាយករងក្រុមហ៊ុនកៅស៊ូវៀតណាម(VRG) លើកឡើងថា សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនឹងបង្កើនកិច្ចសហការជាមួយកម្ពុជាក្នុងការវិនិយោគការដាំដំណាំកៅស៊ូនៅកម្ពុជាបន្ថែមទៀតដើម្បីជំរុញការផលិតដំណាំកៅស៊ូនៅកម្ពុជាអោយបានកាន់តែច្រើនឆ្លើយតបទៅនឹង តម្រូវការទីផ្សារ។

ជាមួយគ្នានោះ លោក ឯកភាពក្នុងការចុះបញ្ជីក្រុមហ៊ុនអោយក្លាយទៅជាសមាគមកៅស៊ូវៀតណាមនៅកម្ពុជា ដើម្បីការពារសមាជិក និងងាយស្រួលក្នុងការអនុវត្ដច្បាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៩កន្លងទៅ កម្ពុជា-វៀតណាម បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការវិនិយោគដាំដំណាំកៅស៊ូលើផ្ទៃដី ១០ម៉ឺនហិកតា នៅព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះត្រូវបានប្រគល់សិទ្ធិឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG)។

បើតាមការបញ្ជាក់របស់ ក្រុមហ៊ុនកៅស៊ូវៀតណាម (VRG) បានឲ្យដឹងថា គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០១៨ នេះ ផ្ទៃដីជៀជ័រកៅស៊ូបានកើនឡើងជាង ៣ម៉ឺនហិកតា និងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកសរុបប្រមាណជាង ១៥០០០នាក់ ហើយនៅឆ្នាំ២០២២ ផ្ទៃដីជៀជ័រនឹងគ្របដណ្តប់លើផ្ទៃដីទាំងអស់ចំនួន ៩៣០០០ហិកតា និងមានការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកបន្ថែមទៀតរហូតដល់ប្រមាណជាង ៤០.០០០នាក់៕