ក្រសួងព័ត៌មានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយ បង្កើនការផ្សាយសារអប់រំអំពីគ្រោះថ្នាក់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ សូលីដា៖​

ក្រសួងព័ត៌មានបានស្នើដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ទាំងអស់ ផ្សព្វផ្សាយស្តីពីសារអប់រំ អំពីបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០១៨ ខាងមុខនេះដែលនិងមានប្រជាពលរដ្ឋមកពីតាមខេត្តនានាចូលរួមទស្សនាកំសាន្តយ៉ាងច្រើនកុះករ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៍មានបានឱ្យដឹងថា​ ការស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍នេះគឺ ដើម្បីបញ្ជ្រាបនិងលើកកម្ពស់ការយល់ដឹង ឱ្យកាន់តែស៊ីជម្រៅ និងបានទូលំទូលាយថែមទៀត ដល់ស្រទាប់មហាជនឱ្យរួចផុត ពីការប្រើគ្រឿងញៀន នឹងគ្រោះថ្នាក់ចរាចរណ៍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងព័ត៌មានបានស្នើឲ្យ ពិធីករ ពិធីការិនី និងសិល្បៈករ សិល្បៈការិនី នៅតាមស្ថានីយ វិទ្យុ ទូរទស្សន៍ទាំងអស់ជួយធ្វើការណែនាំបញ្ជ្រាបជាសារអប់រំ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ដើម្បីបំផុសស្មារតី និងជាការដាស់តឿនក្រើនរំលឹក ដល់ប្រជាពលរដ្ឋរបស់យើង ឱ្យកាន់តែយល់ដឹងច្បាស់និងចូលរួមកាន់តែសកម្មក្នុងការការពារខ្លួន និងក្រុមគ្រួសារមិត្តភក្តិ ចៀសវាងការប្រើប្រាស់គ្រឿងញៀននិងការបំពានច្បាប់ចរាចរណ៍ដែលនាំអោយមានគ្រោះថ្នាក់ដល់អាយុជីវិតនិងខូចខាតទ្រព្យសម្បត្តិនិងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម ។