ទណ្ឌិត ៥២៣នាក់ នឹងត្រូវស្នើបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ឯកឧត្ដម​ អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យសំណើរស្នើសុំអនុគ្រោះទោសក្នុងឱកាសបុណ្យអុំទូក២០១៨ កាលពីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នាទីស្តីការក្រសួងយុត្តិធម៌។

លោក សុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា អ្នកទោសដែលបានស្នើឲ្យពិនិត្យ និងពិចារណារនេះ មានចំនួន៥២៣នាក់ ក្នុងនោះស្រី៣៧នាក់ ដែលស្នើមកពីពន្ធនាគារចំនួន២៤រាជធានីខេត្តក្រុង និងមណ្ឌលអប់រំកែប្រែទាំង៤ផងដែរ។​ លោក​បន្ត​ថា ការពិនិត្យទៅលើការស្នើសុំបន្ធូរបន្ថយទោស ទាក់ទងទៅនឹងពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែនេះឯង ដែលទទួលយកមកពិនិត្យនេះ គឺទទួលបានពន្ធធនាគាររាជធានីខេត្តក្រុងចំនួន២៤ ហើយនិង “មទាំង៤” ដែលយើងហៅថាមណ្ឌលអប់រំកែប្រែទាំង៤ ហើយចំពោះការស្នើសុំនេះផងដែរ យើងឃើញថាទណ្ឌិតទូទាំងប្រទេសដែលស្នើសុំ ២៤រាជធានីខេត្ត នៃមទាំង៤ មានចំនួន៥២៣នាក់ ក្នុងនោះមានស្រី៣៧នាក់៕