ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិព័រណ៍វិស័យ កសិកម្ម ចិញ្ចឹមសត្វ និងបសុសត្វ លើកទី៣នៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ឹម ភិរក្សនារីរតនៈ៖​

​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិព័រណ៍វិស័យ កសិកម្ម ចិញ្ចឹមសត្វ និងបសុសត្វ លើកទី៣នៅកម្ពុជា ដើម្បីជំរុញការលើកកម្ពស់វិស័យកសិកម្មជាតិអោយកាន់តែរីកចំរើន និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ពិព័រណ៌វិស័យ កសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វ AGRILIVESTOCK ២០១៨ បានសម្ពោធដាក់តាំងជាផ្លូវការនាព្រឹកថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៨ នេះនៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ (DIECC) នៅរាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះត្រូវបានចូលរួមសម្ពោធដាក់តាំងជាផ្លូវការ ដោយ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងអ្នកចូលទស្សនាជាង ៦ពាន់ នាក់រួមមាន កសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកផលិតចំណីសត្វពេទ្យសត្វអ្នកកែច្នៃអ្នកជំនួញច្រើនទៀត។

លោក Richard Yew អនុប្រធានប្រចាំតំបន់របស់ក្រុមហ៊ុន AMB Tarsus Events Group ដែលបានចូលរួមសហការរៀបចំពិព័រណ៍នេះបានអោយដឹងថា ព្រឹត្តិការណ៍នេះបានបង្ហាញអំពីផលិតផលពាក់ព័ន្ធនឹង ចំណីសត្វនិងសារធាតុបន្ថែម ឧបករណ៍កិនស្រូវ ប្រព័ន្ធវេចខ្ចប់ និងប្រព័ន្ធបង្កបង្កើនផល ឧបករណ៍ផលិតកម្មបសុសត្វជាដើម។ បន្ថែមពីនេះលោកបញ្ជាក់ វាក៍ជាឱកាសល្អក្នុងការកសាងទំនាក់ទំនងអាជីវកម្មផងដែរដោយសារតែមានអ្នកតាំងពិព័រណ៍ជាច្រើនកំពុងស្វែងរកដៃគូអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថារាជរដ្ឋាភិបាលកំពុងមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការលើកកម្ពស់វិស័យកសិកម្មជាតិ ដើម្បីបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារផង និងសេដ្ឋកិច្ចជាតិផង។ ឯកឧត្តម បន្ថែមថា ដើម្បីលើកកម្ពស់ការកែច្នៃផលិតផលកសិកម្មក្នុងស្រុក រាជរដ្ឋាភិបាល បានលើកលែងមិនយកពន្ឋសម្រាប់ប្រាក់ចំណេញទៅលើកកសិកម្មរយះពេល៣ឆ្នាំទៅ៥ឆ្នាំ ដើម្បីជំរុញលើកទឹកចិត្តវិស័យឯកជនបានប្រើប្រាស់វត្ថុធាតុធាតុដើមសម្រាប់ផលិតផលកសិកម្ម ។ ឯកឧត្តម បានសង្ឃឹមថា ការតំាងពិព័រណ៍កសិកម្មនាពេលនេះនឹងជួយជំរុញអោយវិស័យកសិកម្មជាតិកាន់តែរីកចំរើន បន្ថែមទៀតទំាងលើអនុវិស័យដំាដុះ និងការចិញ្ចឹមសត្វ។

សូមបញ្ចាក់ថា ពិព័រណ៌វិស័យ កសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វនេះ មានរយៈពេល៣ថ្ងៃនៅមជ្ឈមណ្ឌលកោះពេជ្រដោយចាប់ផ្តើមពីថ្ងៃទី ១ដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយបើកអោយប្រជាពលរដ្ឋចូលទស្សនាដោយសេរី៕