ឯឧត្តម គួច ចំរើន ប្រកាសផ្តល់រង្វាន់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សក្រុងកំពង់ចាមដែលប្រឡងបាននិទ្ទេស A នៅឆ្នាំសិក្សាខាងមុខ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ ក្នុងពិធីបើកបវេសនកាឆ្នាំថ្មី២០១៨-២០១៩ និងទិវារំលឹកគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ព្រឹកថ្ងៃទី១ខែវិច្ឆិកានេះ ឯឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានលើកឡើងថា សិស្សក្នុងក្រុងកំពង់ចាមទាំងអស់ដែលប្រឡងបាននិទ្ទេស A នៅឆ្នាំសិក្សា២០១៩ខាងមុខនេះ នឹងទទួលបានម៉ូតូម្នាក់១គ្រឿង ដើម្បីជាការលើកទឹកចិត្ត ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ទៀតថា ក្រោយពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩កម្ពុជាបានជួបវិបត្តិគ្រប់វិស័យ ដោយឡែកវិស័យអប់រំ មានការខ្វះខាតគ្រូបង្រៀន ដែលកាលនោះគ្រូបង្រៀនមិនទាន់មានប្រាប់ឧបត្ថម្ភផ្សេងៗដូចក្នុងពេលបច្ចុប្បន្ននេះទេ ។

ឯកឧត្តម បន្តថា កម្ពុជាបច្ចុប្បន្ននេះ គឺជាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទៅមុខ ជាពិសេសផ្នែកអប់រំ បាននឹងកំពុងអនុវត្តកំណែទម្រង់ស៊ីជំរៅ ដើម្បីពង្រឹង និងពង្រីកគុណភាព ជាក់ស្តែងនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខនេះ ក្រុមសិស្សពូកែដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ត្រូវបានចូលជួបសម្តែងការគួរសម ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែសិក្សា ដើម្បីអោយជាប់បាននិទ្ទេសA ជាពិសេសសិស្សានុសិស្សក្នុងក្រុងកំពង់ចាមប្រសិនបើបាននិទ្ទេសA នោះនឹងបានទទួលបានម៉ូតូម្នាក់១គ្រឿងផងដែរ ។

ក្នុងពិធីបើកបវេសនកានោះ ឯកឧត្តម គួច ចំរើន បានអានសន្ទរកថា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើកបវេសនកាល ឆ្នាំ សិក្សា ២០១៨-២០១៩ផងដែរ ។