រកឃើញសាកសពជនស៊ីវិលជាង ១.៥០០ នាក់ ក្នុងផ្នូរដ៏ធំនៅរ៉ាក់ការរបស់ស៊ីរី

AKP ភ្នំពេញ ថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៨ — កាសែតស្និទ្ធរដ្ឋាភិបាល al-Watan បាននិយាយពីថ្ងៃពុធថា សាកសពជនស៊ីវិលជាង ១.៥០០នាក់ ត្រូវបានគេរកឃើញនៅក្នុងផ្នូរដ៏ធំ ដែលទើបរកឃើញថ្មីមួយនៅក្នុងខេត្តរ៉ាក់​កា ប្រទេសស៊ីរីភាគខាងជើង អតីតរដ្ឋធានីតាមព្រឹត្តន័យរបស់រដ្ឋអ៊ីស្លាម (IS) ។

ដោយដកស្រង់ប្រភពពេទ្យនោះ កាសែតនេះបាននិយាយថា សាកសព គឺជាពួកជនស៊ីវិលដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់ក្រុមចម្រុះដឹកនាំដោយអាម៉េរិកលើរ៉ាក់កា ។ កាសែតនោះបាននិយាយថា សាកសពជនស៊ីវិល ៤.០០០ នាក់រហូតមកដល់ពេលនេះ ត្រូវបានគេ រកឃើញនៅក្នុងផ្នូរដ៏ធំនៅរ៉ាក់កា ដោយនិយាយបន្ថែមថា សាកសពច្រើនទៀតត្រូវបានគេគាស់យកចេញពីក្នុងដីលើមូលដ្ឋានរាល់ថ្ងៃ ។

ក្រុមចម្រុះដឹកនាំដោយអាម៉េរិកបានគាំទ្រកងកម្លាំងប្រជាធិបតេយ្យស៊ីរី ( SDF ) ដឹកនាំដោយពួក ឃឺដ នៅក្នុងការជំរុញទៅមុខរបស់ពួកគេ ដើម្បីចាប់យករ៉ាក់កាដែលជារដ្ឋធានីតាមព្រឹត្តន័យរបស់ IS ក្នុង ឆ្នាំ ២០១៧ ។

កាសែតនោះបាននិយាយនៅក្នុងសេចក្តីរាយការណ៍របស់ខ្លួនកាលពីថ្ងៃពុធថា ការវាយប្រហារពីអាកាសរបស់ក្រុចម្រុះនៅរ៉ាក់កា បានកម្ទេចធានីខេត្តរ៉ាក់កា អស់ ៨៥ ភាគរយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)