កូរ៉េទាំងពីរបញ្ឈប់នូវរាល់សកម្មភាពបង្កហេតុខាងយោធាទាំងអស់ នៅក្បែរតំបន់ព្រំដែន

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ — ពួកអាជ្ញាធរនៅទីក្រុងសេអ៊ូលបាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងប្រដាប់​អាវុធកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានបញ្ឈប់នូវរាល់សកម្មភាពបង្កហេតុទាំងអស់​ប្រឆាំង​នឹងគ្នាទៅវិញទៅមក ធ្វើជាផ្នែកមួយនៃការរៀបចំវិធានការស្ថាបនាប្រកបដោយទំនុកចិត្ត​ ដែល​ស្ថិត​នៅក្រោមកិច្ចព្រមព្រៀងកំពូល មួយ។

កិច្ចព្រមព្រៀងយោធាបែបទូលាយនេះ បានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែកញ្ញា​ កន្លង​​​ទៅក្នុងអំឡុងពេលជំនួបកំពូលរបស់ពួកគេ ដែលបានធ្វើឡើងកាលពីព្រឹកព្រលឹម​ថ្ងៃ​នោះ ដោយហាមប្រាមការបង្កហេតុនៅគ្រប់ដែនទាំងអស់ ទាំងដែនគោក ដែនទឹក និងដែន​អាកាស។

កិច្ចព្រមព្រៀងនេះ បានអំពាវនាវផងដែរឱ្យមានការបង្កើតតំបន់បណ្តោះអាសន្ននានា​នៅតាមព្រំដែន​ក្នុងគោលបំណងការពារឧប្បត្តិហេតុប៉ះទង្គិចគ្នាណាមួយដោយចៃដន្យ និងការ​ជៀស​វាងនូវសង្រ្គាម។​ ភាគីទាំងពីរ​ ត្រូវបានគេហាមចាប់ពីការធ្វើសមយុទ្ធដោយមិនឱ្យបាញ់កាំភ្លើងធំ នឹង​ការធ្វើសមយុទ្ធដោយមានការបត់បែនក្នុងកម្រិតកងវរសេនាធំ​ឬធំជាងនេះ ស្ថិតក្នុងចម្ងាយ​៥​គីឡូ​ម៉ែត្រនៃខ្សែកំណត់ព្រំដែនយោធា(MDL)។ តំបន់គ្មានការហោះហើរ​ត្រូវបានគេបង្កើត​ឡើង​នៅតាមបណ្តោយតំបន់ដែលគ្មានកងទ័ព(DMZ)​ ដូចគ្នាទៅនឹងការហាមប្រាម​ការធ្វើ​ប្រតិបតិ្តការដោយយន្តហោះគ្មានមនុស្សបើ ឧទ្ធម្ភាគចក្រ ព្រមទាំងយន្តហោះដទៃទៀត​នៅលើ​តំបន់មួយនេះ ក្នុងចម្ងាយ៤០គីឡូម៉ែត្រ ពី MDL។ កាំភ្លើងធំនៅតាមឆ្នេរសមុទ្ររបស់កូរ៉េខាង​ជើង និងបានបិទនៅលើកោះជាប់ព្រំដែនសមុទ្រលឿង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨​កន្លងទៅនេះ មួយថ្ងៃមុនកិច្ចព្រមព្រៀងកាត់បន្ថយស្ថានការតានតឹងរបស់ខ្លួន ជាមួយកូរ៉េខាង​ត្បូងប៉ះពាល់ដល់កូរ៉េទាំងពីរដែលបានបង្កើតតំបន់សន្តិភាពក្បែរព្រំដែនសមុទ្រលឿងដែលមានជម្លោះរបស់ពួកគេ។​

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើង​បានអនុវត្តវិធានការទាំង​នេះ ដើម្បីបញ្ឈប់សកម្មភាពបង្កហេតុ​នានា​ឱ្យស្របទៅតាមកិច្ចព្រមព្រៀង​យោធានេះ ដោយ​រួម​មានទាំងការបិទកាំភ្លើងធំនៅតាមឆ្នេរសមុទ្រផងដែរ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល