ចិននឹងសម្លឹងមើលនូវតួនាទីកាន់តែធំសម្រាប់ UNSC ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ — ក្រសួងការបរទេសចិនបាននិយាយពីថ្ងៃពុធថា ប្រទេសចិននឹងធ្វើការដើម្បីធានាថា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ( UNSC ) នឹងដើរតួនាទីកាន់តែធំឡើងក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិក្នុងអំឡុងការកាន់តំណែងជាប្រធានប្តូរវេនគ្នារបស់ខ្លួននៅក្នុងខែវិច្ឆិកានេះ ។


អ្នកនាំពាក្យក្រសួងការបរទេសលោក លូ កាង ( Lu Kang ) បាននិយាយនៅឯសន្និសីទកាសែត ធម្មតាមួយថា ចិននឹងកាន់តំណែងប្រធានប្តូរវេនរបស់ UNSC ក្នុងខែវិច្ឆិកានេះចាប់ពីថ្ងៃស្អែក ( ថ្ងៃព្រហស្បតិ៍ ) នេះទៅ ។

លោក លូ បាននិយាយថា តាមដែលខ្ញុំដឹង UNSC នឹងធ្វើសម័យប្រជុំមួយចំនួននៅក្នុងខែវិច្ឆិកា នេះ ស្តីពីបញ្ហាស៊ីរី , លីប៊ី , អ៊ីរ៉ាក់ , លីបង់ , មជ្ឈិមបូព៌ា , បូស្នី និង ហ្សេហ្គោវីន ព្រមទាំងស្ថានការណ៍តំបន់ Sahel ។
លោក លូ បាននិយាយថា ក្នុងឋានៈជាប្រធានប្តូរវេន ចិនកំពុងពិចារណាបើកសម័យប្រជុំស្តីពីការពង្រឹងលទ្ធិពហុភាគីនិយម ហើយនឹងតួនាទី អ.ស.ប ក៏ដូចជាសន្តិភាព និងសន្តិសុខអាហ្វ្រិក នៅក្រោមស្ថានការណ៍បច្ចុប្បន្ន ដោយលោកបាននិយាយបន្ថែមថា ភាគីចិនកំពុងធ្វើការពិគ្រោះយោបល់ជាមួយរដ្ឋសមាជិក UNSC ដទៃទៀតអំពីរបៀបវារៈធ្វើការងារនៅខែខាងមុខ ។

លោកបាននិយាយថា UNSC ស្នូលនៃយន្តការសន្តិសុខសមូហភាពដែលបានបង្កើតឡើងបន្ទាប់ពី សង្គ្រាមលោកលើកទី២ នឹងធ្វើជាវេទិកាយ៉ាងសំខាន់មួយសម្រាប់អភិបាលកិច្ចសន្តិសុខជាសកល ។ បច្ចុប្បន្នយើងបានប្រឈមមុខជាមួយ ការប្រកួតប្រជែងយ៉ាងស្មុគស្មាញនៅក្នុងសន្តិភាព និងសន្តិសុខអន្តរជាតិ ។

លោក លូ បាននិយាយបន្ថែមថា ភាគីចិនក៏នឹងធ្វើអន្តរកម្ម ថែមទៀតផងដែរជាមួយសមាជិកមិនមែន UNSC ជាពិសេសបណ្តារដ្ឋនៅលើរបៀបវារៈ UNSC ដើម្បីអនុវត្តន៍នូវការទទួលខុសត្រូវរបស់ខ្លួននៅក្នុងរបៀបបើកចំហនិងមានតម្លាភាពថែមទៀត ។

តំណែងប្រធានក្រុមប្រឹក្សាសន្តិសុខត្រូវបានកាន់ដោយរដ្ឋសមាជិកមួយនៃរដ្ឋសមាជិកទាំង ១៥ ក្នុងការប្តូរវេនគ្នាសម្រាប់ពេលមួយខែ ។ ពេលចុងក្រោយដែលប្រទេសចិនបានកាន់តំណែងនេះ គឺនៅក្នុងខែ កក្កដាឆ្នាំ ២០១៧ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )