ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់សិស្សានុសិស្សនិងយុវជន ត្រូវខិតខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​ និង​លោក​ ចន​ ណារិទ្ធ​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវក្មួយៗជាសិស្សានុសិស្សនិងយុវជន យុវនារីទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យខ្ជាប់ ខ្ជួន ព្រមទាំងចូលរួមគ្រប់សកម្មភាពនានា ដើម្បគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិរបស់យើង។ជាមួយគ្នានេះសិស្សានុសិស្សទាំងអស់ត្រូវចងចាំថា បើយើងស្រឡាញ់ខ្លួនយើង ស្រឡាញ់ឱពុកម្តាយ និងស្រឡាញ់អនាគតខ្លួនឯង ត្រូវនៅឲ្យឆ្ងាយពី គ្រឿងញៀន អំពើអបាយមុខផ្សេងៗ និងអំពើអសកម្មនានា។នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅថ្ងៃទី១ ខែ វិច្ឆិកា នេះ។

សម្តេចតេជោ បន្តថា មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ត្រូវរួម ចំណែកឲ្យបានខ្លាំងក្លាថែមទៀត ប្រកបដោយនិរន្តរភាព ក្នុងការជួយអប់រំកូនចៅ ទាំងផ្នែក សុខភាព ចំណេះដឹងនិងសីលធម៌។ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាយថែមទៀត ក្នុងការជំរុញឲ្យសិស្សដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សាឲ្យមាន ឱកាសទទួលបានការរៀនសូត្រជាថ្មី ជាពិសេសផ្សព្វផ្សាយនិងបញ្ជ្រាបឲ្យបានកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំ។