ប្រទេសទួគីនិយាយថាអ្នកកាសែតជនជាតិអារ៉ាប់ប៊ីសាអូឌីតដែលបាត់ខ្លួនត្រូវគេរឹតកឲ្យស្លាប់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ឆានែលញុូវអាស៊ី ​ (០១.​១១.​១៨)

ទួគី៖ ព្រះរាជអាជ្ញាកំពូលរបស់ប្រទេសទួគី បាននិយាយនៅថ្ងៃពុធនេះថាអ្នកកាសែតជនជាតិអារ៉ាប់ប៊ីសាអូឌីត ដែលបាត់ខ្លួនអស់ជាច្រើនថ្ងៃមកហើយនោះ ត្រូវបានគេរឹតកឲ្យស្លាប់ ពេលដែលគាត់ដើរចូលទៅក្នុងស្ថានកុងស៊ុលរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតក្នុងទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសទួគី និងបន្ទាប់មកត្រូវគេកាត់ដៃកាត់ជើង ដើម្បីកម្ទេចចោលដែលព្រះរាជអាជ្ញាកំពូលនោះ ហៅថា ជាគម្រោងការបានប្រុងជើងការជាមុន ។​

ការនិយាយអំពីករណីនៃការបាត់ខ្លួនរបស់អ្នកកាសែតនោះ គឺជាការប្រកាសជាសាធារណៈលើកដំបូង
អំពីករណីឃាតកម្ម ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍ជាខ្លំាង ។​

ព័ត៌មាន ដែលកាសែតក្នុងប្រទេសទួគីបានផ្សាយកន្លងមក បានអះអាងថាអ្នកកាសែតរបស់កាសែតវ៉ាស៊ិនតោនផុស ឈ្មោះហ្សាម៉ាល់ កាសូហ្គី អាយុ ៥៩ ឆ្នំា​ដែលបានសរសេររិះគន់រាជទាយាទដ៏មានឥទ្ធិពលរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានគេអះអាងដោយមិនទាន់មានការបញ្ជាក់ឲ្យច្បាស់ ថាត្រូវមនុស្សមួយក្រុមបញ្ជូនមកពីទីក្រុងរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត សម្លាប់រួចហើយកាត់សាកសពជាបំណែក ៗ ។ មកទល់ពេលនេះ
គេមិនទាន់រកឃើញសាកសពរបស់អ្នកកាសែតនោះនៅឡើយ ។​